វត្តអូរត្រេះ
ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុខាងកើតជាប់អូរ ខាង
លិចជាប់ផ្លូវសាលារៀន ខាងជើងជាប់ផ្លូវ ខាងត្បូងជាប់អូរត្រេះ មានចំងាយ ១១ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។
ឈ្មោះដើមហៅថាវត្ត គឺរឹតង្គារ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៦២ ដោយព្រះចៅអធិការ ព្រះនាម សួស ម៉ុន និង លោកតាអាចារ្យ ឈ្មោះ តា អ៊ូច ។
ហេតុដែលនាំឲ្យហៅថាវត្ត អូរត្រេះ គឺកាលដើមឡើយវត្ត អូរត្រេះនេះ មានឈ្មោះហៅថា វត្តគីរីគង្គារ ឬ វត្ត ជ្រោយអាហឹង ដែលមានទីតាំងស្ថិតនៅចំនុចស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ ។ លុះដល់ខែវិច្ឆិកា ឆ្នាំ ១៩៦២ ដោយទីនោះរដ្ឋតំរូវផ្សំធ្វើជាស្ថានីយ៍រថភ្លើង វត្តគិរីគង្គារ ត្រូវរុះរើមកសាងនៅទីតាំង អូរត្រេះនិង ប្តូរឈ្មោះវត្តនេះ មកជាវត្ត អូរត្រេះ ជាប់រហូតមកដល់បច្ចុប្បន្ននេះ ។
មុនឆ្នាំ ១៩៧៥ វត្តអូរត្រេះ ដឹកនាំដោយព្រះតេជគុណ ព្រះនាម សួស ម៉ុន ជាចៅអធិការដឹកនាំ កសាងព្រះវិហារ សាលាឆាន់ និង កុដិ ធ្វើអំពីឈើទាំងអស់ ។
ពីឆ្នាំ ១៩៧៥ដល់ឆ្នាំ ១៩៧៩ វត្តអូរត្រេះនេះត្រូវបនប៉ុល ពត បំផ្លាញ រុះឈើ ព្រះវិហារសាលាឆាន់និង កុដិ ដែលបានកសាងពីមុនៗមកចោលទាំងអស់ ។
ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ មាតុភូមិ ដោយមានសម្តេចទាំងបីដឹកនាំ ប្រទេសជាតិ
បានរីកចំរើនគ្រប់វិស័យទាំងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ ។ ជាក់ស្តែងវត្តអូរត្រេះបានរៀបចំ ឡើងវិញនៅឆ្នាំ ១៩៩០ មានរដ្ឋអំណាចមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទត្រប់ទិសទី និង ព្រះសង្ឃគ្រប់ជំនាន់ ។
-ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៣ដឹកនាំដោយព្រះតេជគុណ ព្រះនាម ស៊ីន ជាចៅអធិការ បានកសាងកុដិ ០១ ធ្វើអំពីឈើ និង សាលាឆាន់ ០១ខ្នងធ្វើ អំពីឈើ ប្រក់សង្ក័សី ។
-ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៥ ដឹកនាំដោយព្រះតេជគុណ ព្រះនាម សាន ស៊ានជាចៅអធិការ បាន ដឹកនាំកសាងគ្រឹះព្រះវិហារ និង កុដិឈើ ០១ ។
-ពីឆ្នាំ១៩៩៥ ដល់បច្ចុប្បន្ន ដឹកនាំដោយព្រះតេជគុណ ព្រះនាម មាស សុផល ជាចៅអធិការ និង ជាព្រះសមុហ៍គណ ក្រុងព្រះសីហនុ បានកសាងរបងវត្ត ដងទង់ រោងបាយ សាលាបាលី កុដិថ្ម០១ ឈើ ០២ សាលាបឋមសិក្សា ម៉ាស៊ីនភ្លើង ព្រះវិហារ មានការជួយឧបត្ថម្ភពី ឯកឧត្តម ស្បោង សារ៉ាត និង លោក ជំទាវ ស៊ាន ឈុនហេង បានបញ្ចុះខណ៍ សីមាឆ្នាំ ២០០៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សាលាឆាន់ដ៏ធំល្វឹងល្វើយ ឧបត្ថម្ភដោយ ឯកឧត្តម ស្បោង សារ៉ាត ព្រមទាំងពុទ្ធបរិស័ទមួយចំនួន និង បានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម សាយ ឈុំ នៅឆ្នាំ ២០០៨ ។ រៀបចំក្នុងទីវត្តអារាម ឲ្យមានសោភណ៍ភាព រោងទទួលភ្ញៀវ និង កំពុងកសាង ខ្លោងទ្វារវត្តដ៏ធំ ០១ សព្វថ្ងៃមានព្រះសង្ឃគង់នៅចំនួន ១៧ អង្គ ៕