វត្តពោធិ៍អណ្តែត
បច្ចុប្បន្នស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វត្តនេះមានព្រំប្រទល់ខាងកើតជាប់ និងដីរបស់កងវិស្វ័កម្មតេជោ ខាងលិចជាប់ និងដីក្បាលហុងតូច ដីលោក ចាន់ រ៉េន និងលោកស្រី ញាម សារឿន ខាងជើងជាប់ដីសាលាបឋមសិក្សា ហ៊ុន សែន បត់សិរមាន់ ខាងត្បូងជាប់ និងដីរបស់លោក ស៊ឹម កៃ, លោកតា ជិន ស៊ា ,លោកស្រី ឡី ស្រីស្រស់ , លោកស្រី យឹម វៃ និងមានចម្ងាយប្រមាណជា ២៥០ ម៉ែត្រ ពីផ្លូវជាតិលេខ៤ គីឡូលេខ ១៩២ ហើយនិងមានចម្ងាយប្រមាណ ៣៩.៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។
កាលដើមឡើយវត្តនេះមានឈ្នោះថា សាលាសង្ឃទានអូរតាទាត់ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៥០ ដោយព្រះតេជគុណ អ៊ួក ដិក ជាអតីតព្រះគ្រូអនុគណស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តែមិនមែនជាវត្តហៅពេញជាផ្លូវការនោះទេ គ្រាន់តែជាសាលាសង្ឃទាន ឬអាស្រមសម្រាប់ព្រះសង្ឃគង់នៅប៉ុណ្ណោះ ។
ស្ថានភាពវត្តចន្លោះឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៧០ ក្រោមការគ្រប់គ្រងរបស់ព្រះតេជគុណ អ៊ួក ដិក ព្រះគ្រូអនុគណស្រុកព្រៃនប់
អំពីអតីតចៅអធិការ
- ឆ្នាំ ១៩៥០-១៩៥៤ ក្រោយការដឹកនាំរបស់ព្រះតេជគុណ អ៊ួក ដិក បានធ្វើការត្រួសត្រាយព្រៃ លើកដីបំពេញទីធ្លា និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធវត្ត ឱ្យមានសភាពស្រង់ស្អាត ព្រមទាំងបានរៀបចំព្រំប្រទល់ដី ខាងកើតជាប់វាលស្រែអ្នកស្រុក ដីកុងទៀន, ខាងជើងជាប់ភូមិអ្នកស្រុក, ខាងលិចជាប់ដីតាសូ តាញោត តាហន និងតាចេង, ខាងត្បូងជាប់ដីយាយផ្លុង។ ដោយមានការឧបត្ថម្ភពីឧបាសក ឯម និងឧបាសិកា ណាយ ដែលជាអ្នកប្រគេនដី ព្រមទាំងបានជួយកសាងសាលាសង្ឃទានមួយខ្នងទុកសម្រាប់ញាតិញោមពុទ្ធបរិស័ទ ប្រគេនចង្ហាន់ និងសមាទានសីលជារៀងរាល់ថ្ងៃឧបោសថសីល ក្នុងមួយខែ៤ដង ។
- ចៅអធិការទី១៖ ឆ្នាំ ១៩៥៤-១៩៦០ បានចាត់ចែងលោកតា ខន ជាគណៈគ្រប់គ្រងដឹកនាំភិក្ខុសាមណេរ ពុទ្ធបរិស័ទ ជាមួយលោកតាអាចារ្យ អាំ និងលោកតាអាចារ្យ ហាយ ក្រោមការគ្រប់គ្រងរបស់ព្រះតេជគុណ អ៊ួក ដិក ព្រះគ្រូអនុគណស្រុកព្រៃនប់ បានកសាងកុដិឈើមួយខ្នង និងសាលាបង្រៀន ១ខ្នងមាន ២បន្ទប់ប្រក់ស្បូវសម្រាប់ព្រះសង្ឃ និងកូនអ្នកស្រុករៀនសូត្រ ដោយមានព្រះភិក្ខុ ហួត ហង់ ជាគ្រូបង្រៀន ។
- ចៅអធិការទី២៖ ឆ្នាំ ១៩៦០-១៩៧០ ព្រះតេជគុណ អ៊ួក ដិក បានចាត់ចែងព្រះភិក្ខុ មៀន ហៅលោកតា ង៉ោះ ដឹកនាំភិក្ខុ សាមណេរបន្តពីលោកតា ខន ព្រមទាំងបានកសាងសមិទ្ធផលមួយចំនួនដូចជា៖
- ឆ្នាំ១៩៦៧ កសាងសាលាឆាន់ ១ ខ្នងធ្វើពីបេតុង ប្រក់ស័ង្កសី, កុដិឈើ ១ ខ្នងប្រក់ស័ង្កសី, ចង្រ្កានបាយ ១ ខ្នងធ្វើពីបេតុង ប្រក់ស័ង្កសី ។
- ឆ្នាំ ១៩៧០ ព្រះភិក្ខុ មៀន បានធ្វើបុណ្យឆ្លងសាលាឆាន់ និងសម្ភោធសមិទ្ធផលនានា ក្រោមអធិបតីភាព ព្រះតេជគុណ អ៊ួក ដិក ព្រះគ្រូអនុគណស្រុកព្រៃនប់ ជាគណៈអធិបតី ។
- ឆ្នាំ ១៩៧០-១៩៧៣ សាលាសង្ឃទាននេះត្រូវបានទុកចោល ព្រោះពេលនោះព្រះសង្ឃត្រូវបានជម្លៀសព្រះកាយចេញពីទីនោះទៅកាន់ទីផ្សេងៗគ្នា អង្គខ្លះសឹក រីឯអង្គខ្លះទៀតបានសុគតដោយសារភ្លើងសង្គ្រាម ក្នុងរបបខ្មែរក្រហម ។ អ្វីដែលគួរឱ្យសោកស្ដាយបំផុតគឺការបាត់បង់ជម្រក ទីសំណាក់អាស្រ័យដែលធ្លាប់ផ្ដល់នូវភាពត្រជាក់ត្រជុំ ផ្ដុំគ្នាដោយព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលតែងតែគោរពប្រតិបត្តិនូវព្រះបរមពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធទាំងព្រឹកល្ងាច និងជាទីកន្លែងបណ្ដុះនូវធនធានព្រះសង្ឃ និងបរិស័ទដែលនៅជុំវិញទីនេះ។
- ឆ្នាំ ១៩៧៣-១៩៧៩ ទីតាំងសាលាសង្ឃទាននេះ ត្រូវគេយកធ្វើជាមន្ទីរឃុំឃាំងអ្នកទោស(គុក)សម្រាប់ដាក់អ្នកទោសខ្មែរគ្នាឯង និងទុកដាក់ ឥវ៉ាន់ របស់របរផ្សេងៗទៀត ក្នុងរបបសង្គ្រាមសម័យពលពត។ ហើយក្រោយមកហេដ្ឋារចនាសម្ព័ទ្ធក្នុងសាលាសង្ឃទាននេះ ត្រូវបានខូចខាតទាំងស្រុងដោយសារការទម្លាក់គ្រាប់បែក និងបាញ់បោះដាក់គ្នា។
- ឆ្នាំ ១៩៧៩-១៩៨២ សាលាសង្ឃទាននេះត្រូវបានជួសជុលឡើងវិញ ដោយព្រះសង្ឃ រួមពុទ្ធបរិស័ទ និងរដ្ឋអំណាចមូលដ្ឋានជួយជ្រោមជ្រែង ប៉ុន្ដែមិនមានព្រះសង្ឃគង់នៅជាអចិន្ត្រៃនៅឡើយទេ លោកគ្រាន់តែនិមន្តមកដើម្បីទទួលចង្ហាន់ និងផ្ដល់ឱវាទរាល់ថ្ងៃសីល ។
- ឆ្នាំ ១៩៨២-១៩៨៨ ព្រះសង្ឃ ពុទ្ធបរិស័ទ និងអាជ្ញាធរក្នុងតំបន់បានរៀបចំកសាងសាលាសង្ឃទាននេះសារជាថ្មី ដោយមានការឧបត្ថម្ភពីឯកឧត្តម ឯម ប៊ុនសាត លោក ឯម សារឿន និងឯកឧត្តម កែ សុខន រួមពុទ្ធបរិស័ទ ព្រមទាំងបានកសាងព្រះវិហារឈើ១ខ្នង ដំបូលប្រក់ស័ង្កសី និងកុដិឈើ ១ ខ្នងផងដែរ ក្រោមការមើលការខុសត្រូវរបស់ព្រះតេជគុណព្រះនាម តែម និងព្រះតេជគុណនាម លេង ដោយមានការចាត់តាំងពីព្រះគ្រូអនុគណស្រុកព្រៃនប់ ។
- ចៅអធិការទី៣ ៖ ឆ្នាំ១៩៨៨-១៩៩០ គ្រប់គ្រងកសាងដោយព្រះតេជគុណ ម៉ាប់ ជាព្រះគ្រូចៅអធិការស្ដីទី បានធ្វើការរៀបចំទីធ្លាវត្តអារាម ដាំសួនច្បា ដើមឈើ និងសមិទ្ធផលផ្សេងៗទៀត។
- ចៅអធិការទី៤ ៖ឆ្នាំ ១៩៩០-១៩៩១ ដឹកនាំដោយលោកតា ត្រេងត្រាង បន្តពីចៅអធិការមុន មិនយូរប៉ុន្មានព្រះគ្រូចៅអធិការអង្គនេះ ក៏បានលាលែងដំណែងហើយនិមន្ដត្រឡប់ទៅស្រុកកំណើតវិញ។
- ចៅអធិការទី៥ ៖ឆ្នាំ ១៩៩១-១៩៩៣ ដឹកនាំដោយលោកគ្រូចៅអធិការព្រះនាម អិដ្ឋ ជាចៅអធិការស្ដីទី និងជាអ្នកគ្រប់គ្រងបន្ដ មិនយូរប៉ុន្មានព្រះគ្រូចៅអធិការអង្គនេះ ក៏បានលាចាកសិក្ខាបទទៅជាគ្រហស្ថវិញ។
- ចៅអធិការទី៦ ៖ឆ្នាំ ១៩៩៣-២០០៨ ដឹកនាំកសាង និងគ្រប់គ្រងដោយព្រះគ្រូចៅអធិការព្រះនាម ខេន ឈាង ជាព្រះគ្រូចៅអធិការពេញសិទ្ធិ ។ លោកបានដឹកនាំព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ កសាងកុដិឈើមួយខ្នងប្រក់សង្កសី និងរៀបចំរចនាសម្ព័ន្ធក្នុងវត្តឱ្យមានលោកអាចា្យ គណៈកម្មការត្រឹមត្រូវ ដូនជីតាជី និងការបំបួសកុលបុត្រស្របតាមច្បាប់គតិយុត្ត។ មូលហេតុដែលនាំឱ្យមានការផ្លាស់ប្តូរពីសាលាសង្ឃទានអូរតាទាត់ ទៅជា វត្តពោធិ៍អណ្ដែត ដល់សព្វថ្ងៃ ដើមហេតុដោយសារមានដើមពោធិ៍មួយដើម ដុះនៅពីខាងលើដំបូលសាលាឆាន់ ហើយពេលនោះព្រះសង្ឃ និងពុទ្ធបរិស័ទបានឃើញដើមពោធិ៍ដូច្នោះ ក៏យល់ឃើញថា នេះគឺជាពោធិព្រឹក្សដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងក្រោមទីនោះ និងជាភស្ដុតានៃព្រះពុទ្ធសាសនាផងនោះ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានដកដើមពោធិ៍នោះមករៀបចំដាំនៅខាងក្រោមវិញ ហើយក៏បានមូលមតិគ្នារៀបចំ ពិធីបុណ្យដាំដើមពោធិ៍ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពាក្យស្នើរសុំតាមរយៈព្រះមេគណៈខេត្តព្រះសីហនុ ព្រះនាម មន្ទីរធម្មការនិងសាសនាខេត្ត អភិបាលខេត្ត ដើម្បីផ្លាស់ប្តូរឈ្នោះពី សាលាសង្ឃទានអូរតាទាត់ ហៅវត្តអូរតាទាត់ ទៅជា វត្តពោធិ៍អណ្ដែត ជាប់មករហូតដល់បច្ចុប្បន្ន ចំណែកដើមពោធិ៍ក៏នៅដល់បច្ចុប្បន្ននេះដែរ ។
- នៅចុងឆ្នាំ ១៩៩៧ លោកបានកសាងព្រះវិហារ ១ ខ្នងធ្វើពីបេតុ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០០៧ ។
- ឆ្នាំ ១៩៩៨ ព្រះអង្គបានកសាងកុដិឈើថ្មក្រោម ១ ខ្នង ខ្លោងទ្វារ១ និងបានរៀបធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និងបានសម្ភោធឆ្លងសមិទ្ធនានានៅដើមឆ្នាំ ២០០៧ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត់ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
- ឆ្នាំ២០០៧ លោកបានកសាងចេតិយ៍រួម១ និងបានធ្វើបុណ្យឆ្លងនៅដើមឆ្នាំ២០០៨
- នៅពាក់កណ្ដាលឆ្នាំ២០០៨ លោកគ្រូចៅអធិការ ខេន ឈាង បានលាចាកសិក្ខាបទទៅជា គ្រហស្ថ។
- ចៅអធិការទី៧ ៖ឆ្នាំ ២០០៨-២០១០ គ្រប់គ្រងដោយព្រះគ្រូចៅអធិការព្រះនាម យ៉ង រ៉េង ជាព្រះគ្រូចៅអធិការស្ដីទី បន្តពីព្រះគ្រូចៅអធិការ ខេន ឈាង និងបានកសាងសាលាឆាន់ថ្មី ១ ខ្នង (ព្រោះសាលាឆាន់ចាស់ដែលធ្វើរអំពីឈើនោះត្រូវពុក និង បាក់បែក) មានទំហំ ១៤ x ២៦ម៉ែត្រ បានប្រមាណជា ៤០% ព្រមទាំងបានរៀបចំសួនច្បារ និងជាវដី ចាក់ដីពង្រីកវត្ត ក្រោយមកព្រះអង្គក៏បានលាចាកសិក្ខាបទ ។
- ចៅអធិការទី៨ ៖ឆ្នាំ ២០១០-២០១៩ ដឹកនាំគ្រប់គ្រងដោយព្រះគ្រូចៅអធិការព្រះនាម ទឹម រ៉ែន លោកគ្រូបានកសាងសមិទ្ធជាច្រើនដូចជា៖
- ឆ្នាំ២០១០-២០១៥ ព្រះអង្គបានកសាងសាលាឆាន់បង្ហើយពីអតីតគ្រូចៅអធិការមុន លោកបានកសាងចង្ក្រានបាយ បន្ទប់ទឹក អាងស្ដុបទឹក និងចាក់ដីពង្រីកទីធ្លា រៀបចំសួនច្បារ និងបានធ្វើពិធីសម្ភោធឆ្លង ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែលបច្ចុប្បន្នជា ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៥ ។
- ឆ្នាំ២០១៥-២០១៩ ព្រះអង្គគ្រូ ទឹម រ៉ែន បានកសាងមហាកុដិថ្ម១ខ្នង កម្ពស់ ២ជាន់មាន ១១បន្ទប់សឹក និង ៦បន្ទប់ទឹក កញ្ចុះថ្ម ១គូ(ផ្ដើមកសាងដោយលោក សុខ សំអុល) ការិយាល័យកណ្ដាល១ខ្នង កសាងព្រះពុទ្ធរូបក្រោមដើមពោធិព្រឹក្ស៤ អង្គ កសាងផ្លូវបេតុង ១ខ្សែប្រវែង ២៧០ ម៉ែត្រ កាយស្រះទឹក និងបានជាវ ដីពង្រីកវត្ត ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត ហើយបានប្រារព្ធធ្វើពិធីបុណ្យសម្ភោធឆ្លងកុដិ និងសមិទ្ធផលនានា ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ ក្រោយមកព្រះអង្គក៏បានលាចាកសិក្ខាបទទៅជាគ្រហស្ថ ។
- ចៅអធិការទី៩ ៖ឆ្នាំ ២០១៩-២០២៣ គ្រប់គ្រងសដោយព្រះគ្រូចៅអធិការព្រះនាម កើត ស៊ីណា ព្រះអង្គគ្រូបានយកព្រះទ័យទុកដាក់ក្នុងការបណ្ដុះបណ្ដាលធនធានព្រះសង្ឃដោយលោកបាន បញ្ជូនបេក្ខសមណៈឱ្យនិមន្តទៅសិក្សារៀនសូត្រតាមសាលាពុទ្ធិកនានាក្នុងខេត្ត និងក្រៅខេត្ត មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គបានកសាងសមិទ្ធផលជាច្រើនទៀតដូចជា៖ កសាងកុដិគ្រូចៅអធិការ ១ ខ្នង(ផ្ដើមកសាងដោយ ឧបាសិកា ហាក់ រៀន) ធ្វើរបងក្បាច់ និងថ្មប្រវែងជាង២០០ ម៉ែត្រ រៀបប្រព័ទ្ធផ្លូវទឹក ធ្វើចង្ក្រានបាយ១ខ្នង រៀបសូនច្បារ ចាក់សាបបេតុង កសាងស្ពាន១ខ្សែ និងកសាងខ្លោងទ្វារក្នុងវត្ត (ផ្ដើមកសាងដោយ លោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី ) ព្រមទាំងសមិទ្ធផលជាច្រើនទៀត ។ ព្រះអង្គគ្រូបានរៀបចំពិធីបុណ្យសម្ភោធឆ្លងនៅសមិទ្ធផលទាំងអស់នោះនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយមកព្រះអង្គគ្រូក៏បានលាចាកសិក្ខាបទទៅជាគ្រហស្ថវិញ ។
- ចៅអធិការទី១០ ៖ឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន គ្រប់គ្រងដឹកនាំកសាងដោយ ព្រះគ្រូចៅអធិការស្ដីទីព្រះនាម ខុន សុភារុណ ព្រះអង្គបានបន្ត កសាងខ្លោងទ្វារថ្មីក្នុងវត្តរូបប្រាសាទអង្គវត្ត បន្ដពីអតីតគ្រូចៅអធិការបង្ហើយ បានកសាងសាលាបុណ្យ ១ ខ្នងប្រក់ស័ង្កសីក្រុមហ៊ុន រៀបចំកែលម្អសួនច្បា ដាំបង្គោលសូឡាបំភ្លឺក្នុងវត្ត រៀបចំប្រព័ន្ធភ្លើងរដ្ឋ ម៉ាស៊ីនភ្លើង ទូរដាក់សម្ភារៈ និងកំពុងកសាងសាលាពុទ្ធិក ១ ខ្នងដែលមានទំហំ ១១,៥ x២១ ម៉ែត្រកម្ពស់ ២ ជាន់ធ្វើពីបេតុងប្រក់ក្បឿង ចែកចេញជា ៤ បន្ទប់ធំៗគឺ សាលប្រជុំ១ បន្ទប់បណ្ណាល័យ១ បន្ទប់សិក្សា១ និងបន្ទប់សម្រាប់ទទួលគ្រហ្ថបព្វជិតមកពីចម្ងាយ១ និងមាន ៣ បន្ទប់ទឹក ហើយបច្ចុ្នប្បន្នកំពុងកសាងបានប្រហែលជា ៣៥% និងសមិទ្ធផលផ្សេងៗទៀត ។ បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ១១ អង្គ និងបញ្ជូនឱ្យទៅសិក្សានៅខេត្តកំពត និងក្រុងព្រះសីហនុចំនួន២១ អង្គ។



