វត្តឥន្ទញ្ញាណ (វត្តក្រោម)
ស្ថិតនៅក្រុមទី០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខាងកើតជាប់ដី ប្រជាពលរដ្ឋ ខាងលិចជាប់ផ្លូវកៅស៊ូ ខាងជើងជាប់កន្លែងបញ្ចុះសពប្រជាជន ខាងត្បូងជាប់ដីលោក ត្រឹង ថាញ់ ស្ថិតនៅលើកំពូលភ្នំទាប និង នៅចំកណ្តាលក្រុងព្រះសីហនុ។
វត្តនេះពីដើមមានឈ្មោះថា វត្តឥន្ទញ្ញាណ ត្រូវបានកសាងឡើងពីឆ្នាំ ១៩៥៨ កាលសម័យ សម្តេចផុ ជាប្រមុខរដ្ឋ គឺសម័យសង្គមរាស្ត្រនិយម ដឹកនាំកសាងដោយព្រះតេជគុណ៖ សុខ ហៅតា ព្រីង រួមជាមួយ ពុទ្ធបរិស័ទ មន្ត្រីរាជការកំពង់ផែ ឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាល សហការជាមួយ សម្តេចសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ។
ហេតុដែលហៅថាវត្ត ឥន្ទញ្ញាណ គឺមានគំនិតផ្តួចផ្តើមកសាងដោយ សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិ កនិកាយ ហើយយកនាមបញ្ជាតិរបស់ ព្រះអង្គដោយប្រសិទ្ធិនាមថា វត្តឥន្ទញ្ញាណ ជាប់រហូតមកដល់បច្ចុប្បន្ន ។ ម្យ៉ាងទៀតវត្តនេះស្ថិតនៅលើភ្នំក្រោម ឬ ភ្នំទាប គឺទាបជាងវត្តលើ (វត្តជោតញ្ញាណ)នោះ ទើបប្រជាជនិង ពុទ្ធបរិស័ទជាច្រើនហៅថាវត្ត (ក្រោម) បើហៅថា វត្តឥន្ទញ្ញាណ ពុំសូវមានគេស្គាល់ច្រើនឡើយ ។
មុនឆ្នាំ ១៩៧៥ វត្តឥន្ទញ្ញាណ កសាងបានព្រះវិហារ ០១ សាលាឆាន់ ០១ខ្នងធ្វើអំពីបេតុង និង កុដិ ចំនួន០២ខ្នងធ្វើអំពីបេតុង ហើយបញ្ចុះខណ៍ សីមានៅឆ្នាំ ១៩៦៨ ក្រោមអធិបតីភាពសម្តេចព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ និង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិសុមនមេធ ។
ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ជាសម័យខ្មែរក្រហម ដឹកនាំដោយរបបកម្ពុជាប្រជាធិបតិយ្យ វិស័យ សាសនាទូទាំងប្រទេស ត្រូវបានរលាយខ្ទេចខ្ទីគ្មាននៅសល់អ្វី វត្តឥន្ទញ្ញាណ ក៏ដូចជាវត្តផ្សេងៗដែរ គឺពួកវា យកកុដិ និង សាលាឆាន់ ធ្វើគុក ឯព្រះវិហារត្រូវរំលាយនៅសល់តែគ្រឹះខាងក្រោម យថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សព្វថ្ងៃមានឈ្មោះថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង គណៈបក្សប្រជាជនកម្ពុជា ព្រះសង្ឃ ត្រូវបានបួសឡើងវិញវត្តអារាមត្រូវបានកសាងជាបន្តបន្ទាប់ ។
-ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៦ វត្តឥន្ទញ្ញាណក្រោមការដឹកនាំរបស់លោកព្រឹទ្ធាចារ្យ ជុំ ហិល អតីត អភិបាលខេត្តព្រះសីហនុ ព្រះតេជគុណ ព្រះនាម អ៊ុក អ៊ុំ ជាប្រធានសង្ឃប្រចាំខេត្តព្រះសីហនុ រួមជាមួយ ពុទ្ធបរិស័ទមន្ត្រីរាជការគ្រប់ស្ថាប័ន បានជួសជុលកែលំអរទីអារាមនេះឡើងវិញដោយព្រះសង្ឃជាគណៈមហានិកាយ ហើយបាននិមន្តសម្តេច ទេព វង្ស កាលនៅជាព្រះវិន័យធរទូទាំងប្រទេស មកសម្ពោធនៅឆ្នាំ ១៩៨៤ ។
-ពីឆ្នាំ១៩៨៦ ដល់ ឆ្នាំ១៩៩១ ដឹកនាំដោយព្រះតេជគុណ ព្រះនាម សុខពុធនន់ ជួសជុលព្រះវិហារ កុដិ សាលាឆាន់ កែលំអរសោភណ៍ភាពក្នុងទីធ្លាវត្ថុ ។
-ពីឆ្នាំ១៩៩១ ដល់បច្ចុប្បន្ន ដឹកនាំដោយព្រះតេជគុណ មូល រ៉ន ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សា ផ្ទាល់របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង ជាព្រះមេគណក្រុងព្រះសីហនុ មានព្រះសង្ឃ គង់នៅ ភិក្ខុ៩៨អង្គ សាមណេរ ១០៥អង្គ រអាចារ្យតបោះកម្មការសីលវន្ត សីលវតី និស្សិត និង ក្មេងសរុប ចំនួន ៣២នាក់ និង កែលំអរសារជាថ្មីដោយពង្រីកព្រះវិហារតាមរចនាបទខ្មែរ កុដិ ០៦ ខ្នង កុដិថ្មក្រោមដី ១១ខ្នង អាស្រមលោកយាយម៉ៅ ០១ខ្នង ពង្រីកសាលាឆាន់០១ខ្នង សាលាធម្មសភា ០១ខ្នងធ្វើអំពីបេតុង ប្រក់ហ្វីប្រូស៊ីម៉ងត៍ សាលាពុទ្ធិកបឋមសិក្សា ជាអំណោយរបស់សម្តេចជាស៊ីម ប្រធានព្រឹទ្ធសភាជាតិ ០១ ខ្នងមាន០៥បន្ទប់ សាលាគណ ០១ខ្នងពីរជាន់ សាលាពុទ្ធិកអនុវិទ្យាល័យឥន្ទញ្ញាណ-ស្វីស ០១ខ្នង មាន០៥បន្ទប់ ជាអំណោយរបស់សប្បុរសជនប្រទេសស្វីស ទីបាំនា០២ ព្រមទាំងសមិទ្ធផលជាច្រើនទៀត ដែលបានកសាងរួចរាល់ហើយ ដើម្បីប្រែក្លាយទីអារាមនេះ អោយទៅជាតំបន់ទេសចរណ៍ជាតិ និង អន្តរជាតិ ទាំងនេះគឺមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត និង ពុទ្ធបរិស័ទជិតឆ្ងាយ ហើយបានសម្ពោធដាក់ឲ្យ ព្រះសង្ឃ ប្រើប្រាស់ សំរាប់ធ្វើ សង្ឃកម្មតាមវិន័យបញ្ញតិ ក្រោមអធិបតីភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ និង សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចសង្ឃរាជនៃព្រះរាជា ណាចក្រកម្ពុជា (គណៈមហានិកាយ កាលពី ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០០៨) សព្វថ្ងៃមានព្រះសង្ឃគង់នៅ ចំនួន ១៩៨ អង្គ ៕