វត្តស្មាច់ដែង
(ឆ្នាំ១៩៥៥-២០២៥)
ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ ភូមិប្រជា ពលរដ្ឋខាងលិចជាប់ភូមិប្រជាពលរដ្ឋ ខាងជើងជាប់ភូមិប្រជាពលរដ្ឋ ខាងត្បូងជាប់ផ្លូវជាតិលេខ៤ និង មានចំងាយ ២០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថាវត្ត ស្មាច់ដែង ត្រូវបានកសាងតាំងពីឆ្នាំ ១៩៤៤ ដោយព្រះតេជគុណ ព្រះនាម មាស ប៉ាវ ជាព្រះចៅអធិការ និង លោកអាចារ្យ គង់ មឹក ។ យោងតាមសំដីរបស់លោកតាព្រឹទ្ធាចារ្យ ម៉ី ជ្រោយ បានប្រាប់ឱ្យដឹងថា កាលពីមុនមានវត្តចាស់មួយស្ថិត នៅភ្នំចំការកៅស៊ូ (ហៅវត្តចំការកៅស៊ូ) ស្ថិតភូមិចុងអូរ ឃុំរាម ស្រុកព្រៃនប់ ខេត្តកំពត ដែលបច្ចុប្បន្នជាដីបញ្ចុះសព។ វត្តស្មាច់ដែង គឺកាលដើមឡើយ ត្រូវបានសាងសង់ក្នុងព្រៃ និងលើដីទួលខ្សាច់ស ដែលជាឆ្នេរសមុទ្ររាម ហើយសំបូរទៅដោយដើមស្មាច់ដោមធំៗជាច្រើន កន្លងមកជាយូរពាក្យថាស្មាច់ដោមនេះក៏ក្លាយទៅជា ស្មាច់ដែង រហូតជាប់មក ដល់បច្ចុប្បន្ននេះ ។ វត្តនេះមានផ្ទៃដីទំហំ ១៨,៧៨៩ម៉ែត្រការ៉េ ដែលមានព្រំប្រទល់ដូចខាងក្រោម៖ ខាងកើតទល់នឹងសាលាបឋមសិក្សាស្មាច់ដែង ខាងលិចទល់នឹងផ្លូវលំ ខាងត្បូងទល់នឹងផ្លូវជាតិលេខ៤ ខាងជើងទល់នឹងផ្លូវលំ។
គណៈគ្រប់គ្រងវត្តស្មាច់ដែង(ព្រះចៅអធិការ)
១- ពីឆ្នាំ១៩៥៥ ដល់ ឆ្នាំ១៩៦២ ព្រះចៅអធិការ មូល ហំ (លាចាកសិក្ខាបទ)។
២- ពីឆ្នាំ១៩៦២ ដល់ ឆ្នាំ១៩៦៨ ព្រះចៅអធិការ ជៀម ហ៊ុយ (អនិច្ចធម្ម)។
៣- ពីឆ្នាំ១៩៦៨ ដល់ ឆ្នាំ១៩៧៥ ព្រះចៅអធិការ ខៀវ អ៊ុន។
នៅក្នុងសម័យកាលរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) វត្តអារាមត្រូវបានលុបបំបាត់ចោល និងព្រះសង្ឃត្រូវបានចាប់ផ្សឹកដោយបង្ខំដោយរបបនេះ។ ក្រោយមករហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មៅងងឹងនៃកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំ ពុទ្ធបរិស័ទដែលមានជំនឿយ៉ាងមុតមាំនឹងព្រះពុទ្ធសាសនា បានមូលមតិគ្នារៀបចំឱ្យមានបង្កើតវត្តឡើងវិញ ព្រះតេជគុណ យួន ពុំ ត្រូវបានក្រសួងធម្មការ និងសាសនា តែងតាំងឱ្យធ្វើជាព្រះចៅអធិការ វត្តស្មាច់ដែងរហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ព្រះអង្គក៏បានអនិច្ចធម្ម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ(២០២៥) វត្តស្មាច់ដែងនៅពុំទាន់មានព្រះចៅអធិការនៅឡើយទេ។