វត្តពោធិ៍មានជ័យ
ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខាងកើតផ្លូវកៅស៊ូ ខាងលិចជាប់ដីលោក សារុន ខាងជើងជាប់ដីឯកឧត្តម ស្បោង សារ៉ាត ខាងត្បូងជាប់ដីលោក សារុន មានចំងាយ២៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។
ឈ្មោះដើមហៅថាវត្ត ពោធ មានជ័យ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៨៤ ដោយព្រះចៅអធិការ ព្រះនាម មាស សារី និង លោកអាចារ្យ គណៈកម្មការវត្ត រួមជាមួយពុទ្ធបរិស័ទ ។
ហេតុដែលនាំឲ្យហៅថាវត្ត ពោធ មានជ័យ គឺកាលដើមឡើយទីនេះ មានទីវាលធំ មានដើមពោធ មួយដើម ប្រជាជនដែលមករស់នៅទីនេះប្រកបដោយជ័យជំនះ និង មួយចំនួនទៀតនោះ ត្រូវបានអាជ្ញាធរ ខេត្តព្រះសីហនុ បានរៀប្រជាជនទាំងបី ឃុំ ក្នុងខេត្តព្រះសីហនុឲ្យទៅរស់នៅទីនោះ គឺមានឃុំទំនប់រលក ឃុំកំពេញ និង ឃុំអូរត្រេះ ហើយប្រជាជនទាំងនោះនាំគ្នាបង្កើតវត្តតែម្តង ដោយប្រសិទ្ធិនាមឈ្មោះ វត្តថា ពោធ មានជ័យ ជាប់រហូតដល់បច្ចុប្បន្ន ។
មុនឆ្នាំ ១៩៧៥ ទីនេះមិនទាន់បានកើតវត្តទេ ព្រោះវត្តនេះមាននៅឯស្ពានដែក តែមិនបានដឹងថា ទីនោះ កសាងអ្វីបានខ្លះទេ ព្រោះមិនមានពត៌មានណាបញ្ជាក់ច្បាស់លាស់ ។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទីនេះក៏មិនទាន់កកើតជាវត្ត ទើបនៅឆ្នាំ១៩៨៤ អាជ្ញាធរ ក្រុងព្រះសីហនុ បានរៀប្រជាជនទាំងបីឃុំទៅនៅទីនោះដើម្បីរៀបចំ បង្កើតជាភូមិឃុំ និង រដ្ឋបាលមូលដ្ឋាន។
ដូច្នេះប្រជាជន និង អាជ្ញធរដែនដីក៏នាំគ្នាបង្កើតវត្តនេះឡើង ដោយមានការជួយជ្រុមជ្រែង ពីលោកព្រឹទ្ធាចារ្យ ជុំ ហ៊ល អតីតអភិបាលក្រុងព្រះសីហនុ ឯកឧត្តម ស៊ុន ហេង ឯកឧត្តម ប្រាក់ ហម រួមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ កសាងបានព្រះវិហារ ០១ ធ្វើអំពីឈើ ប្រក់សង្ក័សី សាលាឆាន់០១ខ្នងធ្វើ អំពីថ្មប្រក់ ហ្វីប្រូស៊ីម៉ងត៍ កុដិ ០៤ សាលាធម្មសភា អាស្រម ស្រះទឹក ដងទង់ ។ល។ បានដាក់សម្ពោធឲ្យប្រើប្រាស់ ក្រោមអធិបតីភាព លោកព្រឹទ្ធាចារ្យ ជុំ ហ៊ល (ព្រះវិហារដែលធ្វើអំពីឈើ ត្រូវកណ្តៀរស៊ីពុកធ្លាក់ឈើ មកជាដុំៗ) ។
-ពីឆ្នាំ១៩៨៤-១៩៩៣ ព្រះតេជគុណ ព្រះនាម មាស សារី ជាចៅអធិការ រៀបចំទីអារាម កសាង ព្រះវិហារ០១ ធ្វើអំពីឈើ ប្រក់សង្ក័សី កុដិ អាស្រម និងស្រះទឹក ០១ ។
-ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៥ព្រះតេជគុណ ព្រះនាម ពុទ្ធ នន់ និង ព្រះតេជគុណ ទេព ម៉ាល័យ មិនបាន គង់នៅយូរ និង មិនបានកសាងអ្វីទាំងអស់ ។
-ពីឆ្នាំ១៩៩៥-២០០៤ ព្រះតេជគុណ ព្រះនាម ម៉ម ម៉ុក ជាចៅអធិការ បានកសាងកុដិ ថ្ម០១ និង សាលាធម្មសភា០១ខ្នង បណ្ណាល័យ០១ខ្នង សាលាឆាន់០១ខ្នងធ្វើអំពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍ រោងដាំបាយ បន្ទាប់មកក៏លាចាកសិក្ខាបទនៅដើមឆ្នាំ ២០០៤ ។
-ពីឆ្នាំ ២០០៤ ដល់ បច្ចុប្បន្ន ព្រះតេជគុណព្រះនាម ឡេង ហ៊ី ជាចៅអធិការ និង ជាព្រះអនុគណស្រុក ស្ទឹងហាវ បានរៀបចំសួរច្បារ ចាក់សាបផ្លូវចូលវត្ត កុដិថ្ម ស្រះទឹកដ៏ធំមួយថ្មីទៀត និង ព្រះវិហារធំថ្មីកំពង់កសាង បានប្រមាណជា៣៥% ហើយសមិទ្ធផលទាំងនេះមានការជួយឧត្តម្ភពីឯកឧត្តម ស្បោង សារ៉ាត អភិបាលខេត្ត ព្រះសីហនុ និង លោកជំទាវ ស៊ាន ឈុនហេង លោកព្រឹទ្ធាចារ្យ ជុំ ហ៊ល និង ឯកឧត្តមថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ហើយសព្វថ្ងៃមានព្រះសង្ឃគង់នៅចំនួន ១៨ អង្គ ៕