មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ)
ស្ថិតនៅ ក្នុង ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ខាងកើតជាប់ផ្លូវថ្នល់ខាងលិចជាប់ដី ឯកឧត្តមតាក វណ្ណថា ខាងជើងជាប់ផ្លូវលំ ខាងត្បូជាប់ដីឯកឧត្តម តាក វណ្ណថា មានចម្ងាយ ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ។
ឈ្មោះដើមហៅថា ភ្នំសមាធិ ត្រូវបានកសាងឡើង តាំងពីឆ្នាំ២០០៣ ដោយអាចារ្យ សូ សំបូរ លោក នុត សុផល អតីតប្រធានសមាគមមរណៈសង្គ្រោះរួមជាមួយសមាជិកសមាជិកាសមាគម។ ហេតុដែលនាំឱ្យហៅថា មជ្ឈមណ្ឌលវិបស្សនាធុរៈ ព្រោះនៅទីនោះជាដីព្រៃ និងស្ថិតនៅលើកំពូលភ្នំ ហើយមានបរិយាកាសល្អ គួរជាទីបំពេញនូ វកុសលធម៌ តាមបែបវិបស្សនាធុរៈ ទើបបាន សុំច្បាប់រៀបចំ និងដាក់ឈ្មោះ នៅទីនេះថាជា មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន ជាប់មករហូតមកដល់បច្ចុប្បន្ន។
-មុនឆ្នាំ១៩៧៥ ដីនេះជាដីភ្នំ និងជាតំបន់ឧទ្យានជាតិរាម ។
-ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដីនេះនៅទំនេរ ក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ១៩៧៩ តំបន់នេះ គ្រប់គ្រងដោយអាជ្ញាធរជាតិឧទ្យានរាម លុះដល់ឆ្នាំ២០០៣
ដោយមើលឃើញតំបន់មានទេសភាព ព្រៃព្រឹក្សាសម្រាប់ការធ្វើសមាជិបាន ទើបលោកអាចារ្យ លុយ លឹមហ៊ាង លោកអាចារ្យសូរ សំបូរ និងអាជ្ញាធរដែនដីមួយចំនួន បាននាំ គ្នាសុំទីតាំងនេះធ្វើច្បាប់ដើម្បីបើក មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន ឧបត្ថម្ភដោយពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ និងនិមន្តក្នុងពិធីបញ្ចុះបឋមសីលា ដោយព្រះតេជគុណ នៅ យី នាយកពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា មានការជួយឧបត្ថម្ភ កសាងសិទ្ធផលនានា ដោយលោកឧបាសក វ៉ា ទ្រី និងសប្បុរសជនមួយចំនួន។
មជ្ឈមណ្ឌល វិបស្សនាធុរៈគិរីនាគវ័ន័ (ហៅភ្នំសមាធិ ) ត្រូវបានកកើតឡើង ក្នុងឆ្នាំ ២០០៣ មានទីតាំងស្ថិតនៅ ភូមិ រាម ឃុំ រាម ស្រុកព្រៃនប់ មកដល់ពេលនេះ មានអាយុកាល ចំនួន ២១ ឆ្នាំ ដែលមាន ថ្នាក់ដឹកនាំ ជានាយក និង អធិបតីជាបន្តបន្ទាប់់ គ្របគ្រងមានដូចតទៅៈ
-ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ ដឹកនាំ ដោយព្រះតេជគុណ លឹម សាវង្ស ជានាយក
-ពីឆ្នាំ ២០០៥ដល់ឆ្នាំ ២០០៦ ដឹកនាំដោយព្រះតេជគុណ ស្វាយ ជុំ ជាយនាយក
-ពីឆ្នាំ២០០៦ដល់ឆ្នាំ ២០១២ ដឹកនាំ ដោយព្រះតេជគុណ មូល អ៊ឹមឈួន ជានាយក
-ពីឆ្នាំ ២០១២ដល់បច្ចប្បន្ន ដឹកនាំ ដោយព្រះតេជគុណ ជ័យ ហៀង ជានាយក និង ព្រះតេជគុណ
សោម សម្បត្តិ ជានាយករង ។
-ពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន ដឹកនាំដោយព្រះសមថកោសល្យ សោម សម្បត្តិ ជាប្រធានមជ្ឈមណ្ឌល ។
-ដោយឡែក ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៨ លោក លុយ លឹមហៀង ត្រូវបានតែងតាំង ពីពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតី មើលការខុសត្រូវពីលើ ហើយពេលនេះត្រូវបានតាំងជាទីប្រឹក្សាមជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន ។
គិតពីឆ្នាំ ២០០៣ រហូតដល់ពេលនេះ ក្នុងនោះព្រះអង្គនាយកនាយករងរួមនងលោកអធិបតីលោកអាចារ្យ គណកម្មការ គ្រប់ជំនាន់ បានព្រះយកទ័យទុកដាក់ ខិតខំសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ កសាងមជ្ឈមណ្ឌល វិបស្សនាធុរៈគិរីនាគវ័ន័ (ហៅភ្នំសមាធិ ) នេះ រួមមាន÷
- រូបព្រះពុទ្ធបដិមា អង្គធំ ១ អង្គកំពស់ ៩ ម៉ែត្រ២តឹក ទទឹង ៧ម៉ែត្រ ឧបដ្ឋានសាលា១ខ្នង មានទំហំ ទទឹង២១ម៉ែត្រ បណ្តោយ៣៣ម៉ែត្រ ។
-កុដិធ្វើពីថ្ម១ខ្នង មានពីរជាន់ ប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ទំហំទទឹង ៨ ម៉ែត្របណ្តោយ ១២ម៉ែត្រ
- គន្ធកុដិព្រះអង្គផ្ទុំ១ខ្នង មានទំហំ ទទឹង៨ម៉ែត្រ បណ្តោយ ១២ម៉ែត្រប្រក់ក្បឿង
- រូបសំណាកព្រះពុទ្ធផ្ទុំអោយរាហ៊ូអាសុរិន្ទមើល ១ខ្នង ទទឹង៨ម៉ែត្រ បណ្តោយ ២១ម៉ែត្រ កំពស់ ៣ម៉ែត្រ ដែលមានដំបូលរាងជាប្រាសាទត្រៃត្រឹង្ស
- ឈាបនដ្ឋាន១ខ្នង និង សាលាតំកល់សព១ខ្នង ដែលមានទទឹង៨ម៉ែត្រ បណ្តោយម៉ែត្រ ប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ជាអំណោយរបស់ ឯឧត្តម ឈិន ច័ន្ទពណ៌ និង ឯកឧត្តម អ៊ុក សីហា និងលោកជំទាវ ។
- បង្គោលភ្លើងនិង បំពាក់អំពូលភ្លើងសូឡា ចំនួន ៦០ ដើមចំណាយ អស់ថវិកា ចំនួន ១២.០០០ ដុល្លារ ជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថន វីរៈ និងលោកជំទាវ ឈុន មីលីង រួម និង លោកជំទាវជាភរិយា របស់ឯកឧត្តម សូរ ឃុន អតីតរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។
- ចាក់ផ្លូវបេតុង១ខ្សែរ ប្រវែងបណ្តោយ២៧៧ម៉ែត្រ ស្មើនឹង ៤៣៦៣ ម៉ែត្រការេ ចំណាយថវិកា ចំនួន ៥៦៧១៩ ដុល្លារអាមេរិក ។
- ជីកស្រះទឹកចំនួន ២ កន្លែង ទទឹង៣០ ម៉ែត្រ បណ្តោយ៥០ម៉ែត្រ ជំរៅ ៥ម៉ែត្រ និងមួយកន្លែងទៀត ទទឹង៥០ម៉ែត្រ បណ្តោយ១០០ម៉ែត្រ ជំរៅ៣ម៉ែត្រ ។
-ចេតីយ៍ខ្នាតធំចំនួន១៤កុដិធ្វើអំពីឈើ២ខ្នងតូបព្រះសង្ឃចំនួន៦តូបសម្រាប់សីលវន្តសីលវតីចំនួន១៧តូប។
- ព្រះវិហារចំនួន ១ខ្នង ដែលមានសោភ័ណភាពដ៏ប្រណិត ដោយរក្សាបាននូវរចនាបថខ្មែរសុទ្ធសាធ នេះ ត្រូវបានកសាងចាប់ពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១១ រហូតមកដល់ព្រហស្បតិ៍ ១៣កើត ខែ ចេត្រ ឆ្នាំ រកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី ២៩ ខែ មីនា ឆ្នាំ២០១៨ ត្រូវបានធ្វើពិធីសម្ពោធ កាត់ខ្សែរបូ ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ។ថវិកាសាងសង់ព្រះវិហារនេះ បានមកពីការឧបត្ថម្ភរបស់ ឧបាសក វ៉ា ទ្រី និងឧបាសិកា ហ៊ឹង លាងព្រមទាំងកូនចៅ ចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៣៤៧,៨២៤ ដុល្លារអាមរិក រួមនិង សប្បុរសជនជិកឆ្ងាយ គ្រប់ទិសទីចំនួន ៦៣.៨០០ដុល្លារអាមេរិក សរុបចំណាយអស់ទឹកប្រាក់ ចំនួន ៤១១.៦២៤ ដុល្លារអាមេរិក ដង់ទង់១គូរ នៅខាងមុខព្រះវិហារ ជាអំណោយរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង ចំណាយអស់ថវិកា ចំនួន៦៥.៤០០ ដុល្លារអាមេរិក ។
-សាលាវិបស្សនាធុរៈ ផ្តើមកសាងនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ និងកសាងរួចរាល់នៅថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២២ សាលានេះ មានបណ្តោយ ៣៩ម៉ែត្រ ទទឹង ២១ម៉ែត្រ កំពស់ពីដីដល់ដំបូលខាងលើ ១៦.២ ម៉ែត្រ ធ្វើអំពីបេតុង ប្រក់សង្កសីក្បាច់ រចនាបថខ្មែរ និងព្រះពុទ្ធសាសនា សម្រាប់ធ្វើវិបស្សនាធុរៈអបរំផ្លូវចិត្ត ចំណាយអស់ថវិកាចំនួន ៥៩៧.៨៧០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវបានឧបត្ថម្ភជាថវិកាចំនួន ៦០.០០០ដុល្លារ និងសប្បុរសជនជាច្រើន រួមនឹងសាច់ញាតិអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាពិសេសថវិកាដែលបានមកពីបុណ្យផ្កា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងបុណ្យចូលឆ្នាំខ្មែរ ។
-ឆ្នាំ ២០១៩ កសាងរូបសំណាកព្រះបាទជ័យវរ្មន័មួយអង្គ ធ្វើអំពីថ្មភ្នំ ភ្នែន១.២ម៉ែត្រ កំពស់១.២ម៉ែត្រចំណាយអស់ថវិកាចំនួន ១.២០០ដុល្លារ ជាអំណោយរបស់លោក ទូច សន ប្រធានគណៈកម្មការមជ្ឈមណ្ឌល ។
-ឆ្នាំ ២០២២ កសាងក្លោងទ្វារនៅខាងមុខសាលាវិបស្សនាធុរៈចំនួន០១ មានទទឹង៤ម៉ែត្រកំពស់ ៩ម៉ែត្រ រចនាបថខ្មែរ ព្រះពុទ្ធសាសនា ចំណាយអស់ថវិកាចំនួន ១៤.០០០ ដុល្លារ ជាអំណោយរបស់ មហាឧបាសិកា ទេព សោភាវី និងសប្បុរសជន ។
-ឆ្នាំ ២០២២ រៀបចំរៀកថ្មភ្នំទប់ដីជើងភ្នំជុំវិញសាលាវិបស្សនាធុរៈ និងជណ្តើរចំនួន២ រួមនិងចាក់សាបជុំវិញទីធ្លាជុំវិញសាលាសមាធិ ចំណាយអស់ថវិកាចំនួន ៣៧.៩៩០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន។
-ឆ្នាំ ២០២២ កសាងកុដិមួយខ្នងមាន១០បន្ទប់ បណ្តោយ ៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ កំពស់០១ជាន់ផ្ទាល់ដី ធ្វើអំពីបេតុងប្រក់ក្បឿង សម្រាប់សីលវន្ត សីលវតី និងព្រះសង្ឃគង់ និងស្នាក់នៅ ចំណាយអស់ថវិកាចំនួន៨៥.០០០ដុល្លារ ជាអំណោយរបស់សប្បុរសជន ALEX SANGGAR ជនជាតិឥណ្ឌូនេស៊ី ។
-ឆ្នាំ២០២២ កសាងរូបសំណាកលោកយាយម៉ៅអង្គធំ០១អង្គ និងប្រាសាទធ្វើអំពីដែកប្រក់សង្ក័សី ជាអំណោយរបស់ ឯកឧត្តម ថន វីរៈ និងលោកជំទាវ ។
-ឆ្នាំ ២០២៣ កសាងរូបសំណាកព្រះពុទ្ធទ្រង់ប្រសូតិ មួយកន្លែង ចំណាយអស់ថវិកាចំនួន ២.៣៥៤ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងរូបសំណាកព្រះម៉ែ គួនអ៊ីម ០១អង្គ និងប្រាសាទ ចំណាយអស់ថវិកាចំនួន ២.៤៧០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងរូបសំណាកព្រះអរហន្តទ្រង់ឈរបិណ្ឌបាត្រចំនួន៩អង្គ ចំណាយអស់ថវិកាចំនួន៥.៣៧៨ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងរូបសំណាកសាវ័កទ្រង់ឈរបិណ្ឌបាត្រចំនួន ១១អង្គ ចំណាយអស់ថវិកាចំនួន២.២៣៥ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងខ្ចុះលំហែកាយមួយខ្នង បណ្តោយ៦ម៉ែត្រទទឹង ៥ម៉ែត្រ ធ្វើអំពីបេតុងប្រក់សង្ក័សី ចំណាយអស់ថវិកាចំនួន ៤.៥០០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងឈាបនដ្ឋានប្រើដោយថាមពលអគ្គិសនីយ៍ មួយខ្នងសម្រាប់បូជាសព (តួអាគ្គារជាអំណោយរបស់ក្រសួងបរិស្ថាន តួឡសម្រាប់បូជាសពជាអំណោយរបស់ក្រសួងបរិស្ថាននៃសាធារណៈរដ្ឋកូរេ និងក្រុមហ៊ុន DaeKYung Esco co.Ltd នៃប្រទេសកូរេ ក្នុងនោះមានម៉ាស៊ីនភ្លើង បន្ទប់ទឹកផងដែរ។
-ឆ្នាំ ២០២៣ កសាងកុដិមួយខ្នង មាន៤បន្ទប់ បណ្តោយ១២ម៉ែត្រ ទទឹង ៥ម៉ែត្រ ធ្វើអំពីបេតុងប្រក់សង្ក័សី ចំណាយអស់ថវិកាចំនួន ៧.២៥០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងកុដិមួយខ្នង មាន១បន្ទប់ បណ្តោយ៦ម៉ែត្រ ទទឹង ៥ម៉ែត្រ ធ្វើអំពីបេតុងប្រក់សង្ក័សី ចំណាយអស់ថវិកាចំនួន ៦.៣៧០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងកុដិមួយខ្នង មាន៥បន្ទប់ បណ្តោយ ១៥ ម៉ែត្រ ទទឹង ៥ម៉ែត្រ ធ្វើអំពីបេតុងប្រក់សង្ក័សី ចំណាយអស់ថវិកាចំនួន ៨.៤៩៨ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងកុដិមួយខ្នង មាន៤បន្ទប់ បណ្តោយ៨.៥ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ធ្វើអំពីបេតុងប្រក់សង្ក័សី ចំណាយអស់ថវិកាចំនួន ១៥.៧០០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ២០២៣ កសាងបន្ទប់ទឹកមួយខ្នងមាន៤បន្ទប់បណ្តោយ១០ម៉ែត្រទទឹង ៤ម៉ែត្រ ធ្វើអំពីបេតុងប្រក់សង្កសីចំណាយអស់ថវិកាចំនួន ៣.២៥០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៣ កសាងព្រះពុទ្ធរូបព្រះសិអាមេត្រីយ៍មួយអង្គទទឹងភ្នែន០.៦៥ ម៉ែត្រ កំពស់ ១.៤ម៉ែត្រធ្វើអំពីថ្មភ្នំ ចំណាយអស់ថវិកាចំនួន១.៦០០ដុល្លារ ជាអំណោយរបស់លោក ទូច សន ប្រធានគណៈកម្មការមជ្ឈមណ្ឌល ។
-ឆ្នាំ២០២៤ ធ្វើជណ្តើរ និងកំលំអរពង្រាបទីធ្លា ក្រាលការ៉ូនៅខាងមុខព្រះពុទ្ធរូបអង្គធំ ចំណាយអស់ថវិកាចំនួន ១៦.៧០០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៤ ជួសជុលកែលំអរបន្ទប់ទឹកមួយខ្នងមាន ៤បន្ទប់ បណ្តោយ ៦ម៉ែត្រទទឹង ៣ម៉ែត្រ ធ្វើអំពីបេតុងប្រក់សង្ក័សីចំណាយអស់ថវិកាចំនួន១.៥០០ដុល្លារ ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
-ឆ្នាំ ២០២៤កសាងប្រាសាទមួយខ្នង តំកល់ព្រះពុទ្ធរូប ធ្វើអំពីបេតុងប្រក់ក្បឿង ជាអំណោយរបស់ ឯកឧត្តមអ៊ុក សីហា ។
-ឆ្នាំ ២០២៤ ធ្វើជណ្តើរ និងកំលំអរពង្រាបទីធ្លា ក្រាលការ៉ូ នៅខាងមុខព្រះពុទ្ធរូបអង្គធំ ចំណាយអស់ថវិកាចំនួន ១៦.៧០០ដុល្លារសហរដ្ឋអាមេរិក ជាថវិការបស់មជ្ឈមណ្ឌល និងសប្បុរសជន ។
មជ្ឈមណ្ឌលវិបស្សនាធុររៈគិរីនាគវ័ន ឃុំ រាម ស្រុកព្រៃនប់ ត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តព្រះសីហនុ ស្របតាមសេចក្តីសម្រេចលេខៈ ១០៥៣/២៣ ចុះថ្ងៃសៅរ៍ ៣កើត ខែ ពិសាខ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣ របស់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រះសមថកោសល្យ សោម សម្បត្តិ ព្រះធម្មធរគណខេត្ត និងជាប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តព្រះសីហនុ សព្វថ្ងៃមានបើកសាលាពុទ្ធិកបឋមសិក្សាផង និងបើកធ្វើវិបស្សនាធុរៈផង មានព្រះសង្ឃគង់នៅចំនួន ៥៥ អង្គ សីលវន្ត សីលវតី ចំនួន៤៥ រូប លោកអាចារ្យគណៈកម្មការចំនួន ១០ រូប ។
រៀបរៀងឡើងវិញ ដោយលោកសាន សុមែន
អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ
ថ្ងៃ អង្គារ១២កើត ខែ មាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧
ខេត្តព្រះសីហនុ, ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤