វត្តឧត្តមវិញ្ញាណរាម
១. ភូមិសាស្ត្រ៖
វត្តឧត្តមវិញ្ញាណរាម ស្ថិតនៅចំណុច UTM ២៤ ៨៩ ០៥. ១១៦ ២៩ ១៩ ចំណុចកម្ពស់ ៦៨ម៉ែត្រ ជើងភ្នំអណ្តូងទឹក ក្នុងទឹកដីភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅក្បែរបន្ទាយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចម្លាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះសីហនុ ដែលមានព្រំប្រទល់ខាងកើតទល់នឹងផ្លូវ និងដីប្រជាជន ខាងលិចទល់នឹងផ្លូវ ខាងជើងទល់នឹងផ្លូវ និងខាងត្បូងទល់នឹងផ្លូវ មានទំហំផ្ទៃដីសរុប…………………ម៉ែត្រការ៉េ។
២. ការកកើតវត្តឧត្តមវិញ្ញាណរាម៖
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) គ្រប់សាសនាទាំងឡាយត្រូវបានបំបិទចោលទាំងស្រុង ទីវត្តអារាមមួយចំនួនត្រូវបានវាយបំផ្លាញចោល និងទីអារាមខ្លះទៀតធ្វើជាក្រោលគោ ឬឃ្លាំងដាក់ជីជាដើម។
ក្រោយថ្ងៃ៧មករា ១៩៧៩ មាតុភូមិកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ងើបចេញផុតពីគំនរផេះផង់ដែលខ្ទិចខ្ទីគ្មានសល់។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដៃម្ខាងការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ដែលនៅតែបន្តប្រយុទ្ធគ្នានៅលើសមរភូមិទូទាំងប្រទេស និងដៃម្ខាងទៀតរួមគ្នាកសាងប្រទេសជាតិ ប្រជាជនមានសិទ្ធិសេរីភាពបរិបូរណ៍ ជំនឿសាសនានានាក៏មានឡើងវិញ ជាពិសេសព្រះពុទ្ធសាសនាក៏ត្រូវបានស្តារឡើងវិញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទទូទាំងប្រទេស។
ក្រោយឆ្នាំ១៩៧៩ តំបន់មូលដ្ឋានរាមក៏ដូចជាភូមិអុងទាំងមូលគ្មានប្រជាជនរស់នៅទេ លុះដល់ឆ្នាំ១៩៨៣ ក្រសួងការពារជាតិបានចាត់បញ្ជូននាយទាហានជើងទឹក ដែលបញ្ចប់ការសិក្សា នៅតាមបណ្តាប្រទេសជាមិត្ត ឱ្យមករៀបចំស្តារកសាងមូលដ្ឋានសមុទ្ររាមនេះឡើងវិញនៅលើទីតាំង
បន្ទាយចាស់ ប៉ុន្តែតាំងពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩៤ ក្នុងបន្ទាយមូលដ្ឋានរាមគ្មានប្រជាជនរស់នៅទេ មានតែកងទ័ពជើងទឹកប្រមាណ៥កងវរៈសេនាតូចប៉ុណ្ណោះ រីឯភូមិអុងខាងក្រៅមានតែគ្រួសារកងទ័ព
រស់នៅប្រហែល១០ ទៅ២០គ្រួសារប៉ុណ្ណោះ(បញ្ជាក់ៈ ភូមិអុងមានពីរផ្នែកគឺ៖ អុងក្នុង និងអុងក្រៅ)។
ចាប់ពីឆ្នាំ១៩៩៤តរៀងមក មានគ្រួសារកងទ័ពខ្លះៗមករស់នៅបន្តបន្ទាប់ ហើយដល់រដូវបុណ្យទានជាទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរយើង ទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋតែងធ្វើបុណ្យទៅតាមបណ្តាវត្តនានាទោះបីវត្តនៅឆ្ងាយ ផ្លូវពិបាក មានថ្ម មានភក់ កុំថាឡើយតែកង់ ឬម៉ូតូ សូម្បីរថយន្តយោធាក៏ពិបាកធ្វើដំណើរដែរ។
ដោយមានសំណូមពរពីបងប្អូនកងទ័ព និងក្រុមគ្រួសារ និងដោយពិនិត្យមើលពីភាពចាំបាច់របស់បងប្អូនពុទ្ធបរិស័ទពិបាកក្នុងការធ្វើដំណើរទៅធ្វើបុណ្យទាន ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម (បច្ចុប្បន្នជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី) មានការឯកភាពពីឯកឧត្តម អ៊ុង សំខាន់ អតីតមេបញ្ជាការកងទ័ពជើងទឹកក្នុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩ (បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ) ឯកឧត្តម ទៀ វិញ អតីតមេបញ្ជាការកងទ័ពជើងទឹកក្នុងឆ្នាំ២០០៩ ដល់ឆ្នាំ២០២៥ (បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ) អតីតឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងព្រះតេជគណ អ៊ុក អ៊ំ អតីតព្រះមេគណខេត្តព្រះសីហនុ បានឯកភាពរើសទីតាំង និងអនុញាតឱ្យបង្កើតវត្តនៅចំណុចដូចក្នុងភូមិសាស្ត្រខាងលើ (ជាទីតាំងស្ថានីយ៍រ៉ាដាសង្គេតការណ៍លើផ្ទៃទឹករបស់កងរ៉ាដាមូលដ្ឋានសមុទ្ររាម)។
៣. ការងារចាប់ផ្តើមកសាង
ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម (បច្ចុប្បន្នជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី) បានបង្កើតគណៈកម្មការកសាងដែលមានសមាសភាពដូចខាងក្រោម៖
- ព្រះតេជគុណ ព្រះនាម វឹង សំបូរ ជាចៅអធិការស្តីទី ប្រធាន
- លោកតា សុខ សឿនសារុន ជាគណៈកម្មការវត្ត អនុប្រធាន
- លោក សូ ចាន់ ជាគណៈកម្មការវត្ត អនុប្រធាន និងមានសមាសភាពសមាជិកគណៈ កម្មការជាច្រើនរូបទៀត ដោយមានការចង្អុលបង្ហាញពីឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ ឯកស័ក ពុទ្ធសាករាជ២៥៤៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ក្រុមការងារបានចាប់ផ្តើមឈូសឆាយពង្រាបដី និងសាងសង់រោង២ខ្នង ធ្វើពីឈើប្រក់ស្បូវសម្រាប់អាចារ្យ គណៈកម្មការ យាយតាស្នាក់នៅបណ្តោះអាសន្ន។
៤. សម័យកាលនីមួយៗរបស់ព្រះចៅអធិការវត្ត
ចាប់ពីថ្ងៃកកើតវត្ត នៅឆ្នាំ១៩៩៩រហូតដល់បច្ចុប្បន្ន វត្តឧត្តមវិញ្ញាណរាម មានព្រះគ្រូ
ចៅអធិការចំនួន ៤ព្រះអង្គដែលបានគ្រប់គ្រងដឹកនាំកសាងវត្តជាបន្តបន្ទាប់៖
- ពីចុងឆ្នាំ២០០៨ ដល់ឆ្នាំ២០២២ ព្រះតេជគុណព្រះនាម គួនមឿន លីហូរ ចៅអធិការស្តីទី
បន្តកសាងបង្ហើយព្រះវិហារ និងបានប្រារព្វពិធីសម្ពោធឆ្លងបញ្ចុះខណ្ឌសីមា នៅថ្ងៃសៅរ៍ ៨រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធស័ករាជ២៥៥៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ (បច្ចុប្បន្នសម្តេចពិជ័យសេនាជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ)។
ជួសជុលកែលម្អរឧបដ្ឋានសាលា-កសាងផ្លូវបេតុងពីក្លោងទ្វារទៅព្រះវិហារមានប្រវែងទទឹង៦ម៉ែត្រ បណ្តោយប្រវែង៣០២.៨ម៉ែត្រ-ប្រាសាទព្រះនាងសុជាតា- ចម្លាក់ព្រះពុទ្ធប្រោសបញ្ចវគ្គីយ៍ និងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។
- ដោយសារព្រះសុខភាពរបស់ព្រះអង្គ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ព្រះអង្គសម្រេចព្រះទ័យសុំលាលែងការងារជាចៅអធិការស្តីទីវត្ត។
- ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ព្រះតេជគុណព្រះនាម ឧទយធម្មោ ឡោ ប៊ុនថៃ ជាព្រះចៅ អធិការបានបន្តកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត មានដូចជា៖
- កសាងផ្លូវបេតុង២ខ្សែ ១ខ្សែមានទទឹង៨ម៉ែត្រ ប្រវែង២២០ម៉ែត្រ និង១ខ្សែទៀត ទទឹង៥ម៉ែត្រ ប្រវែង ១៥០ម៉ែត្រ- ធ្វើរបងថ្មបិទក្បាច់កងចក្របូរាណបានប្រវែង២២៥ម៉ែត្រ(កំពុងបន្តធ្វើទៀត) - សាងសង់ផ្ទះបាយថ្មីទំហំ៥មែត្រ x ២០ម៉ែត្រ-កសាងវច្ចកុដិ (បន្ទប់ទឹក) ចំនួន ១០បន្ទប់- ធ្វើសួនច្បារលម្អសោភណ្ឌភាពក្នុងវត្ត- ធ្វើរូបព្រះពុទ្ធបដិមាទ្រង់បាត្រ និងរូបទេពប្រណម្យដាក់ក្នុងទីធ្លាវត្ត និងបានជួសជុលកែលម្អសមិទ្ធិផលមានជា៖ កុដិ២ខ្នង- ឃ្លាំងដាក់សម្ភារៈ- សាលាធម្មសភា និងជួសជុលប្រាសាទ (ព្រះពុទ្ធបរិនិព្វាន) ។
សមិទ្ធផលជាច្រើនដែលមិនបានរៀបរាប់អស់ទាំងនេះ ជាការលះបង់ដ៏ធំធេងទាំងកម្លាំងកាយ
ចិត្តកម្លាំងសទ្ធា របស់ឯកឧត្តម ទៀ វិញ និងលោកជំទាវ ព្រមទាំងបុត្រ. ឯកឧត្តម អ៊ុក សីហា និងលោកជំទាវ ព្រមទាំងបុត្រ. អ្នកឧកញ៉ា លឹម ហ៊ុយឡេង និងលោកជំទាវ ព្រមទាំងបុត្រ. លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស និងសិស្សានុសិស្ស. មេបញ្ជាការ មេបញ្ជាការរង នាយ នាវី នាយនាវីរង ពលនាវិក និងក្រុមគ្រួសារកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងមានការចូលរួមបរិច្ចាគតិចក្តីច្រើនក្តីរបស់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សប្បុរសជនពុទ្ធបរិស័ទទីជិតឆ្ងាយទើបធ្វើឱ្យ វត្តឧត្តមវិញ្ញាណរាម មានការរីកចម្រើនទាំងគុណភាព និងសោភណ្ឌភាពគួរជាទីគោរពបូជា និងជាទីគយគន់របស់ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។
- នៅទីបញ្ចប់សូមឧទ្ទិសស្នាដៃទាំងនេះ ប្រគេនដល់ព្រះគ្រូចៅអធិការ ភិក្ខុ សាមណេរគ្រប់ៗជំនាន់
- សូមឧទ្ទិសជូន បុព្វការីជន វីរៈជន យុទ្ធជន យុទ្ធនារី ដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិ
សាសនា ព្រះមហាក្សត្រ
សូមផ្សាយមហាកុសលផលបុណ្យនេះ ជូនដល់លោកគ្រូអគ្គបណ្ឌិត ឯកឧត្តម អ្នកឧកញ៉ា
លោកឧកញ៉ា លោកជំទាវ លោក លោកស្រី រួមទាំងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលបាន
លះបង់កម្លាំងកាយ ចិត្ត និងសទ្ធាដ៏មុតមាំក្នុងការចូលរួមចំណែកកសាង វត្តឧត្តមវិញ្ញាណរាម នេះឡើង សូមព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ ទាំងអស់ អនុមោទនាទទួលយកនូវអត្ថមនុញ្ញផល ដែលជាផលកើតឡើងក្នុងអាវាសវត្តនេះ ដើម្បីពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានបានគោរពបូជា ដើម្បីថែរក្សាលើកតម្លើងតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់យើងទាំងអស់គ្នានៅគង់វង្សជានិរន្តរ៍តរៀងទៅ សូមម្ចាស់ទានទាំងអស់ជួបប្រទះនូវមង្គលពុទ្ធពរទាំង៤ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
សូមអរព្រះគុណ និងសូមអរគុណ!
កំណាព្យវត្តថ្មី (វត្តឧត្តមវិញ្ញាណរាម)
កៅសិបប្រាំបួន ប្រសើរថ្លៃថ្លា ស្នាដៃអស្ចារ្យ មុនសហស្សវត្សរ៍ថ្មី។
បរិច្ចាគធន់ធាន ទោះតិចច្រើនក្តី បានភ្ជាប់និស្ស័យ ក្នុងពុទ្ធសាសនា។
ទុកជាប្រវត្តិ សែនល្អថ្លៃថ្លា នៅក្នុងសាសនា អង្គព្រះជិនស្រី។
ព្រះទ្រង់និព្វាន្ត សែនល្អពេកក្រៃ អង្គព្រះជិនស្រី សមណៈគោត្តម។
សត្វទាំង១២ តំណាងខែឆ្នាំ លោកអ្នកបានខំ បានសាងរួមគ្នា៕