វត្តគិរីសុខារាម (ចំណោទរាម ឬ បិតត្រាំង)
ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ខាងកើតជាប់ភូមិពូធឿង ខាងលិចជាប់ផ្លូវជាតិលេខ ៤ ខាងជើងជាប់ព្រៃស្មសាន ខាងត្បូងជាប់ផ្លូវរទេះចាស់ និងមានចម្ងាយ១៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។
ឈ្មោះដើមហៅថាវត្ត ចំណោទរាម ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៣២ ដោយ១.ព្រះតេជគុណ ព្រំ ញឹម ២.ព្រះតេជគុណ ព្រំ នន់ ៣.ព្រះតេជគុណ តា ញ៉ែម ៤.ព្រះតេជគុណ ឆាយ ធង ៥.ព្រះតេជគុណ ជីន ហាយ ៦.ព្រះតេជគុណ ម៉ា នៅ ។ ហេតុដែលនាំឲ្យហៅថាវត្ត ចំណោទរាម ព្រោះទីតាំងវត្តនេះស្ថិតនៅជើងភ្នំជាចំណោទហើយមានចម្ងាយប្រមាណជា៣គីឡូម៉ែត្រ ទៅផ្លូវបំបែកចូលសមុទ្ររាម ទើបពុទ្ធបរិស័ទក៏នាំគ្នាហៅថាវត្ត ចំណោទរាម ។
ឆ្នាំ១៩៧៣ ព្រះតេជគុណ គង់ ខម ជាចៅអធិការនឹងពុទ្ធបរិស័ទទាំង៣ភូមិ គឺ ភូមិពូធឿង ភូមិចំណោទរាម និងភូមិគគី បានកសាងព្រះវិហារ១ ធ្វើអំពីឈើប្រក់ក្បឿង កុដិ២ខ្នង សាលាឆាន់ ធ្វើអំពីឈើនិងបញ្ចុះខណ្ឌសីមាតាមវិស័យព្រះពុទ្ធសាសនា ក្រោមអធិបតីភាពសម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ។ ហើយដល់ឆ្នាំ ១៩៧៥ ត្រូវរបបប្រល័យពូជសសាន៍ប៉ុលពត យកវត្តនេះធ្វើជាមន្ទីឃុំឃាំងហើយបានវាយបំផ្លិចបំផ្លាញព្រះវិហារ សាលាឆាន់ សមិទ្ធផលនានាស្ទើតែគ្មានសល់។
ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រទេសជាតិត្រូវបានរំដោះឡើងវិញក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វត្តចំណោទរាមនេះ ត្រូវបានរៀបចំ និង ដំណើរការឡើងវិញ ដោយព្រះតេជគុណ ព្រំ ចក់ និងមានការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទគ្រប់ទិសទីបានកសាង កុដិ០២ខ្នង សាលាឆាន់០១ខ្នង សាលាបុណ្យ០២ខ្នង សាលារៀន ដងទង់ និងព្រះវិហារ ធ្វើអំពីឈើប្រក់ក្បឿង។ បន្ទាប់មកក្នុងឆ្នាំ១៩៨៣ បានប្ដូរឈ្មោះវត្តចំណោទរាម ទៅជាវត្តគិរីសុខារាមរហូតមកដល់សព្វថ្ងៃនេះ។ បន្ទាប់មកដោយព្រះតេជគុណ ព្រំ ចក់ មានជំងឺរោគាពាធហើយក៏បានសុគតបាត់ទៅ។ ក្រោយមកព្រះតេជគុណ ង៉ែត តែម មើលការខុសត្រូវនៅក្នុងវត្តបានរយៈពេល៣ឆ្នាំរួចក៏លាចាកសិក្ខាបទបាត់ទៅនៅក្នុងឆ្នាំ ១៩៩៣ បន្ទាប់មកទើបព្រះតេជគុណ មាស សំ ត្រូវជាគ្រូសូត្រស្ដាំបានឡើងគ្រប់គ្រងវត្តបន្តហើយបានកសាង សាលាឆាន់រួចរាល់ហើយបានសម្ពោទឆ្លងនៅឆ្នាំ២០០៧ ដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ។បន្ទាប់មកព្រះតេជគុណ មាស សំ បានផ្ដួចផ្ដើមកសាងព្រះវិហារថ្មី បានកសាងរួចរាល់បានចំនួន៨០% ព្រះតេជគុណ មាស សំ មានរោគាពាធក៏បានសុគតបាត់ទៅ ក្នុងឆ្នាំ២០០៨ ។ បន្ទាប់មកលោកអាចារ្យគណកម្មការវត្តគិរីសុខារាម បានស្នើសុំព្រះមេគណខេត្តនិងក្រសួងធម្មការ ដើម្បីចាត់តាំងភិក្ខុវិរិយសាលោ ឌិន សាវ៉ាន់ ធ្វើជាព្រះគ្រូចៅអធិការវត្តគិរីសុខារាម បានកសាងសមិទ្ធផលនានានិងកសាងព្រះវិហារបង្ហើយរួចរាល់ទើបរៀបចំបញ្ចុះខណ្ឌសីមានៅឆ្នាំ ២០១០។ ក្រោយមកឆ្នាំ២០១៦ ព្រះតេជគុណ ឌិន សាវ៉ាន់ បានលាចាកសិក្ខាបទ។
បន្ទាប់មកលោកអាចារ្យគណកម្មការព្រមទាំងញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តគិរីសុខារាមបានមូលមតិគ្នាស្នើសុំព្រះមេគណខេត្តនិងក្រសួងធម្មការ ដើម្បីលើកព្រះតេជគុណវរធម្មោ សុខ សារុំ ធ្វើជាព្រះគ្រូចៅអធិការនៅក្នុងឆ្នាំ ២០១៦ ដើម្បីកសាងសមិទ្ធផលនានា និងចំរៀបកែលំអរសោភណ៍ភាពក្នងទីធ្លាវត្ត រហូតមកដល់សព្វនេះមានព្រះសង្ឃគង់នៅចំនួន ២២ អង្គ៕