វត្តពោធិ៍ពេជ្រគិរី

Post by admin

17:14 - 06/06/2025

Comment

 

វត្តពោធិ៍ពេជ្រគិរី (ភ្នំពេជ្រ)

​          ស្ថិតនៅភូមិអូរតាបាំងសង្កាត់អូរឧកញ៉ាហេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានក្បាលដីលេខ១៧៨០ ទំហំដី១២៧,៩៤៣ម និងលេខ១៧៨២ ទំហំដី ២៤,០៣៦ម ព្រំប្រទល់ខាងកើតជាប់ដីរបស់លោក ស៊ុន សឿង ខាងលិចជាប់ដីរបស់លោកឈ្មួញ ខាងជើងជាប់អូរ និងដីរបស់លោក ផល សម្បត្តិ ខាងត្បូងជាប់ផ្លូវលំ មានចំងាយ៣៦គីឡូម៉ែត្រពីក្រុងព្រះសីហនុ។

​         

          វត្តនេះមានឈ្មោះដើមហៅថា វត្តភ្នំពេជ្រ ហេតុដែលនាំឲ្យហៅថា វត្តពោធិ៍ពេជ្រគិរី ដោយផ្អែកទៅឡើទីតាំងភូមិសាស្ត្របានបញ្ជាក់ថា ទីនេះមានសុទ្ធតែព្រៃដុះអមជុំវិញភ្នំ និង មានដើមពោធិ៍មួយដើម ដុះចេញមកពីចំហៀងជើងភ្នំ ដី ឬ ថ្មមានពន្លឺផ្លេចៗដូចជាពន្លឺនៃត្បូងពេជ្រ ប្រជាជននៅ ទំបន់នោះនាំគ្នាទៅឃ្វាលគោហើយប្រទះឃើញដើមពោធិ៍១ដើម មានសភាពចម្លែក តាមជំនឿថា (វត្ថុបួនតំណាងពុទ្ធសាសនា គឺៈ ១ដើមពោធិព្រឹក្ស ២ព្រះសិរីរឹកធាតុ ៣ព្រះត្រៃបិដក ៤ព្រះពុទ្ធរូប ) រួចក៏បានហៅចាស់ទុំ និង អាជ្ញាធរមូលដ្ឋានពិភាក្សាគ្នាថានឹងកសាងវត្តនៅទីនោះតែម្តង ព្រោះទីនោះមានដើមពោធិ៍មានឫទ្ធបារមីចេញអំពីថ្មភ្នំ រួចក៏នាំគ្នារៀបចំសុំ ច្បាប់បង្កើតវត្តនេះ ដោយដាក់ឈ្មោះថា វត្តពោធិ៍ពេជ្រគិរី ។ ច្បាប់អនុញ្ញាតិលេខ២២៦/៩៦កធស ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៦ របស់ក្រសួងធម្មការនិងសាសនា ដោយ ឯកឧត្តមរដ្ឋមន្រ្តី ហៀន វណ្ណរ័ត្ន ហើយវត្តនេះក៏មានឈ្មោះ វត្តពោធិ៍ពេជ្រគិរី ជាប់រហូតមកដល់បច្ចុប្បន្ន ។ មុនឆ្នាំ១៩៧៥ ជាដីសាធារណៈ កម្មសិទ្ធរដ្ឋ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងក្រោយថ្ងៃរំដោះ៧មករា ដីនេះត្រូវបានក្លាយជាកន្លែងជម្រោករបស់ខ្មែរ​ក្រហម និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា រហូតដល់សមាហរន្ដកម្មឆ្នាំ១៩៩៦។

 បុព្វនិទាន

​​          កាលពីព្រេងនាយ មានរឿងដំណាលថា ប្រជាជនតែងល្បីនៅភ្នំមួយ ឈ្មោះភ្នំពេជ្រ តែងតែទៅខ្ចីចាន ឆ្នាំងរបស់របរប្រើប្រាស់ផ្សេង នៅក្នុងគុហា គ្រាន់តែដុតធូបហើយ សុំបួងសួងខ្ចីរបស់ប្រាប់ដល់អ្នកតាម្ចាស់ភ្នំ (កុមារពេជ្រ) ថា កូនចៅមានការរវល់រៀបចំពីធីកម្ម និមន្ដព្រះសង្ឃឆាន់ ឬ រៀបការកូនចៅ ហើយខ្វះខាតសម្ភារៈ​ចាន​ ឆ្នាំងចំនួន៥០០ នៅថ្ងៃនេះថ្ងៃនោះ ជាដើម មានតែមកពឹងពរលោកតាព្រះមេត្តាជួយដល់កូនចៅផង។ រួចហើយកំថ្វាយបង្គំលាទៅ លុះថ្ងៃបន្ទាប់ ពួកគាត់ក៏មកតាមសន្យា ឃើញរទេះគោ ដែលពេញដោយចាន់ឆ្នាំង ក៏ប្រញ៉ាប់បរចេញទៅ ពេលដាក់របស់របរហើយ លាគោពីនឹមរទេះ នោះគោនឹងដើររកស៊ីស្មៅដោយខ្លួនវាហើយ ពេលចប់កម្មវិធីហើយ ត្រូវរៀបចំចាន់ឆ្នាំងឱ្យគ្រប់ចំនួន បើមានបែកខូច ឬ បាត់ត្រូវរកឱ្យគ្រប់ចំនួនវិញ រៀបចំដាក់លើរទេះ នឹងបរមកទុកកន្លែងដើមវិញ។ ក្រោយៗមក ដោយសេចក្ដីល្ងង់ខ្លៅ និងលោភលន់ហួសប្រមាណ ប្រជាជនក៏លែងមានធម៌សច្ចៈ និងសេចក្ដីប្រមាថ លែងខ្វល់ ពេលខ្ចីបានហើយ សងវិញមិនគ្រប់ចំនួនតាមការស្នើសុំ លោកតា លែងឱ្យខ្ចីបន្ដទៀត នឹងដាក់បណ្ដាសារដល់ជនណាដែលគ្មានធម៌សច្ចៈនោះ ឱ្យដល់នូវសេចក្ដីអន្តរាយ ជួបគ្រោះ​កាច មានបញ្ហាផ្សេងៗមិនដាច់ ។ ចំណេរក្រោយមក ការធ្វើផ្លូវជាតិក៏បានប្រព្រឹទ្ធទៅ បន្ទាប់ពីសម្ពោធឱ្យប្រើប្រាស់ហើយ ផ្លូវជាតិនេះ តែងតែមានជើងកប មកចក់យកអាយុជីវិតមនុស្សមិនលុះថ្ងៃឡើយ នឹងបន្ដមកដល់​បច្ចុប្បន្ននេះ ពិសេសនៅចំណុចមុខវត្តភ្នំពេជ្រ។ នៅសម័យកាលអាណានិគមបារាំង បារាំងបានបានឱ្យអ្នកជំនាញ​ការខ្លួន មកពិនិត្យមើល ប្រើឧបករណ៍ឆ្លុះទៅឃើញមាន ដុំពេជ្រដ៏ល្អស្អាតនៅបាតនៃភ្នំ បើប្រាស់គ្រប់វិធី​ ដើម្បីយកដុំពេជ្រនោះ តែជាអកុសល ពួកនេះត្រូវបានគ្រុនចាញ់ ស្លាប់ជាបណ្ដើរ ធ្វើឱ្យអ្នាកដ៏ទៃមិនហ៊ាន​ មក​រកកំណប់​ដុំពេជ្រនោះឡើយ។ ក្រោយៗមកទៀត នៅលើកំពូលភ្នំក្នុងព្រៃ គេតែងឮសម្លេងភ្លេងពិនពាណ្យ ជារៀងរាល់ថ្ងៃ​ឧបោសថសីល ឬ ថ្ងៃសីល អ្នកស្រុកនាំគ្នាទៅមើល តែមិនឃើញ មានម្ដងនោះ គេឮសម្លេងលេងល្ខោនយីកេ នឹងមានភ្លើងភ្លឺចិញ្ចែងចិញ្ចាច ធ្វើឱ្យភ្នំពេជ្រទាំងមូលមានពន្លឺខុសធម្មតា ក៏នាំគ្នាទៅមើលទៀត តែមិនបានឃើញមានអ្វីទាំងអស់ អ្នកខ្លះគិតថា មានអ្នកសច្ចំបង់បថ បារមីភ្នំថែរក្សា អ្នកខ្លះក៏ខ្លាច កើតឈឺ មើលមិនជា​។ រឿងនេះ អ្នកស្រុកតែងហាមប្រាណកូនចៅ មិនឱ្យទៅលេងក្បែរៗជើងភ្នំឡើយ ហើយក៏បានដំណាល់ប្រាប់តៗគ្នា​ ក្លាយទៅជារឿងអបិយជំនឿរហូតដល់សព្វថ្ងៃ។ មានម្ដងនោះ ក្រុមជាងធ្វើផ្លូវជាតិលេខ៤ មកស្នាក់នៅ ដើររកមើល​របស់របរផ្សេងៗ ក៏ជួបរឿងចម្លែងៗ គួរឱ្យរន្ធត់ នឹងខ្លាចរអា ក៏នាំគ្នារត់ទៅវិញអស់។

          សព្វថ្ងៃទីកន្លែងនេះ បានបន្សល់ទុកនូវកេរ្តិតំណែដូចជា៖ គុហារវិបស្សនា ល្អាងខ្លា ថ្មព្រះម៉ែនាគ ថ្មគុជសារ​ថ្មបីដុំ និងដើមពោធិព្រឹក្ស (ធម្មជាតិ) ដែលមានរឿងរ៉ាវអាថកំបាំងជាច្រើន សម្រាប់ការសិក្សាស្រាវជ្រាវ និងជាបុព្វហេតុនៃការបង្ករបង្កើត “វត្តពោធិពេជ្រគិរី” នេះឡើង។ 

អំពីអតីតចៅអធិការ

​          -​ ពីឆ្នាំឆ្នាំ ១៩៩១ ដល់ឆ្នាំ១៩៩២ ព្រះតេជគុណព្រះនាម គឹម ពេជ្រ ត្រូវបានអ្នកភូមិនិមន្តមកពីវត្តព្រៃនប់ ដើម្បីសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានកសាងព្រះវិហារធ្វើអំពីឈើប្រក់ក្បឿង ០១ខ្នង សាលាឆាន់១ខ្នង ធ្វើអំពីឈើប្រក់ក្បឿង និង អាស្រមជូនតាជី ២ ធ្វើអំពីឈើប្រក់សង្គសី រួចក៏និមន្តទៅស្រុកកំណើត ។

​       - ពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០០៤ ព្រះតេជគុណព្រះនាម ហួត ប៉ាន ជាចៅអធិការ កសាងប្រាង្គដើមពោធិ៍ កុដិ១ខ្នង ធ្វើអំពីឈើប្រក់សង្ក័សី សាលារៀន កាំជណ្តើរឡើងកំពូលភ្នំ ហើយក៏លាចាកសិក្ខាបទ រហូតទទួលអនិច្ចកម្មក្នុងភេទជាគ្រហស្ថ។

​          ​​-​ ឆ្នាំ២០០៤ ដោយព្រះតេជគុណ ហួត ប៉ាន លាចាកសិក្ខាបទទៅ ព្រះតេជគុណ គឹម ពេជ្រ បានវិលត្រឡប់មកគង់នៅក្នុងវត្តនេះវិញ ហើយចាប់ផ្តើមកសាងព្រះវិហារថ្មី កសាងកុដិ ហើយក៏សុគតទៅ ។

​       -​ ពីឆ្នាំ២០០៤ដល់២០.. ព្រះតេជគុណព្រះនាម អ៊ុំ ប៊ុនឈឿន ជាចៅអធិការវត្ត និងជាព្រះធម្មធរគណខេត្តព្រះសីហនុ បានកសាងសាលាបុណ្យ ០១ខ្នង កុដិ០៦ ប្រាង្គដើមពោធិ៍ កំពុងកសាងកុដិថ្មថ្មី និង កែលំអរទីធ្លាវត្តដោយឈូសឆាយដីជើងភ្នំ ពង្រីកទីធ្លាវត្ត ឲ្យមានសោភណ៍ភាពធំទូលាយ ក្នុងការគ្រប់គ្រងដឹកនាំវត្តនេះ ព្រះតេជគុណ បន្តការកសាងព្រះវិហាររួចហើយជាស្ថាពរ និង បានបញ្ចុះខណ្ឌសីមា នាពេលខែឧសភា ឆ្នាំ២០០៨ ក្រោមអធិបតីភាពឯកឧត្តម សាយ ឈុំ សមិទ្ធផលទាំងមានការជួយឧបត្ថម្ភពី ឯកឧត្តម ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ និង លោកជំទាវ ស៊ាន ឈុនហេង ព្រមទាំងមន្ត្រីរាជាការ អាជ្ញាធរមូលដ្ឋាន និង ពុទ្ធបរិស័ទជិតឆ្ងាយ  វត្តពោធិ៍ពេជ្រគីរី កាលនុះមានព្រះសង្ឃគង់នៅចំនួន ១២អង្គ ​។

          -​ ពីឆ្នាំ២០១០ ដល់ ២០១៨ ព្រះតេជគុណ អ៊ុក និមល បានដឹកនាំកសាងទីសេសនៈថាវរវត្ថុជាច្រើន។

    -​ ពីឆ្នាំ២០១៩-២០២៣ ព្រះសាសនមង្គល ហ្វាន់ ហឿន ព្រះវិមលសាគរ ព្រះមេ​គណខេត្តព្រះសីហនុ ជាព្រះចៅអធិការ បានដឹកនាំកសាងសាលាគណខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៉ក់ សុផល (អាចារ្យហួង) ធ្វើបន្ទប់ទឹក​១ខ្នង មាន៥បន្ទប់ ចាក់ប៉េតុងផ្លូវ លាបព័ណ៌ព្រះពុទ្ធរូប បង្កើតពុទ្ធិកសិក្សា (ថ្នាក់ទី២) និងសមិទ្ធិផលផ្សេងៗ។

          - នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រះតេជគុណ រិទ្ធិ សុភ័ក្ដ ត្រូវបានតែងតាំងជាជំនួយការសាលាគណខេត្តព្រះសីហនុ និងជាប្រធាន​គ្រប់គ្រងបន្ដ សហការជាមួយ គណកម្មការ មាន៖ លោក រតនៈ ប៊ុនញ៉ា អាចារ្យ ព្រំ ពេជ្រ អាចារ្យអ៊ីវ សឿន លោកយាយ ខាំ ឆេង លោកយាយ ព្រំ ចន្ថា លោកយាយ ខឹម ឃឿន ជាដើម បានដឹកនាំកសាងបន្ដ បានឈូសសម្អាតលើខ្នងភ្នំ ដើម្បីពង្រីកទីធ្លាសម្រាប់ធ្វើពិធីកម្មផ្សេង សាងដំរី៧ ជួសជុលជណ្ដើរ ធ្វើរោងគុហាវិបស្សនា ទំហំ៧៨០ម៉ែត្រការ៉េ (ព្រះពុទ្ធរូប៨ម៉ែត្រ) រោងលោកយាយម្ចាស់ភ្នំ ប្រាសាទស្ដេចនាគរាជ សិក្សាប្លង់ស្ថាបត្យកម្មឧបដ្ឋានសាលា១ខ្នងទំហំ ២៥ម៉ែត្រ បណ្ដោយ៤១ម៉ែត្រ អានន្ទកុដិ១ខ្នង ទំហំ៩ម៉ែត្រ បណ្ដោយ​១៥ម៉ែត្រ (បានបុកគ្រឹះរួចរាល់ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ អស់ជាង១៣,៥៦៨$ និងគូប្លង់មេ ចំនួន ១,៦០០$) និងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត បន្តនិរន្តរភាពពុទ្ធិកបឋមសិក្សាវត្តពោធិ៍ពេជ្រគិរី (ភ្នំពេជ្រ) ពីអតីតព្រះមេគណខេត្ត ដែលមានសមណសិស្សចំនួន២៦អង្គ និងសិស្សានុសិស្ស​៣០នាក់។ បំពាក់សម្ភារៈរូបវន្ដទំនើបៗ រៀបចំធ្វើបណ្ណាល័យ បង្រៀនវគ្គកុំព្យូទ័រ ភាសាអង់គ្លេស​ ភាសាចិន-បាលី ឥណ្ឌួនេស៊ី ជាដើម ជាវសម្ភារៈសម្រាប់បំរើឲ្យសាលាគណខេត្ត អស់ប្រាំមួយពាន់ដុល្លារ។

          បច្ចុប្បន្នវត្តពោធិ៍ពេជ្រគិរី (ភ្នំពេជ្រ) បានឆ្លងកាត់ព្រះចៅអធិការចំនួន៧អង្គ ទទួលអនិច្ចធម្ម៣អង្គគឺ៖ ព្រះតេជគុណ គឹម ពេជ្រ លោកបណ្ឌិត ហួត ប៉ាន និងព្រះតេជគុណ ហ្វាន់ ហឿន បីរូបផ្សេងទៀតលាចាកសិក្ខាបទ និងសព្វថ្ងៃព្រះតេជគុណ រិទ្ធិ សុភ័ក្ដ មានព្រះជន្មា៤៣ព្រះវស្សា មានទីកំណើតនៅភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  កម្រិតវប្បធម៌ បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែករដ្ឋាបាលសាធារណៈ ជាព្រះគ្រូចៅអធិការស្ដីទី។

https://youtu.be/Fvo72ZmcUvw?si=LqxGOLA4ZYsnp7_U

 (&)

រៀបរៀងដោយសាលាគណខេត្តព្រះសីហនុ

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៥