វត្តទួលកែវ (ទឹកល្អក់)
ស្ថិតនៅក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ផ្លូវលំ ខាងលិច ជាប់ភូមិ លោក សួនមិន ខាងជើងជាប់ផ្លូវលំ ខាងត្បូងជាប់ផ្លូវធ្លាមានចំងាយ ៥៨គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថាវត្តទួលកែវ គឺត្រូវបានកសាងតាំងពីឆ្នាំ១៩១៨ ដោយព្រះគ្រូចៅអធិការព្រះនាម ទាំង សំ និង អាចារ្យឈ្មោះ តាកែវ ។
ហេតុដែលនាំឲ្យហៅថាវត្តទួលកែវ ព្រោះមានអាចារ្យម្នាក់ឈ្មោះ កែវ ហើយទីនេះជាដីទួល គាត់បានដឹកនាំកសាងតាំងពីដំបូងមក ដូចនេះវត្តក៏ហៅឈ្មោះថា វត្តទូលកែវ តាំងពីឆ្នាំ ១៩១៨ រហូតមកដល់បច្ចុប្បន្ននេះ ។
ស្ថានភាពវត្តមុនឆ្នាំ១៩៧៥ វត្តទួលកែវ បានសាងសង់ដោយពុទ្ធបរិស័ទចំណុះជើងវត្តរួមនឹងអាជ្ញាធរ មូលដ្ឋានបានបញ្ចុះខណ៍សីមា នៅឆ្នាំ១៩៣០ ក្រោមអធិបតីភាពព្រះមេគណខេត្តកំពត គង់នៅវត្តត្រើយកោះ និង ព្រះតេជគុណព្រះនាម វ៉ីង អនុគណស្រុកព្រៃនប់ ខេត្តកំពត ។
ស្ថានភាពវត្តចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៦ វត្តទួលកែវ នៅមានព្រះសង្ឃគង់នៅ នៅឡើយ ដែលមានព្រះចៅអធិការព្រះនាម ហេង ម៉ាក ជាអ្នកគ្រប់គ្រង ។ លុះដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៧៦ ទើបខ្មែរក្រហមចាប់ព្រះសង្ឃវៀសិក និង រំលាយការគោរពព្រះពុទ្ធសាសនាទាំងស្រុង ទីអារាមនេះក៏ក្លាយ ទៅជាគុក និង ជាជង្រុកដាក់ស្រូវពីពេលនោះមកដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។
ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ វត្តនេះ មិនទាន់រៀបចំឡើងវិញទេ ទើបនៅចុងឆ្នាំ ១៩៨១ បមានការដឹកនាំពីរណសិរ្សសាមគ្គីសង្គ្រោះជាតិមាតុភូមិកម្ពុជា វត្តទួលកែវនេះ បានរៀបចំឡើងវិញ លោក ហូតដុន មេឃុំទឹកល្អក់ និង ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងព្រះតេជគុណ ដូងនួន ជាព្រះចៅអធិការ
លោកតា ពេជ្រកើត ជាអាចារ្យវត្ត លោកតន់យ៉យ ជាប្រធានគណៈកម្មការវត្ត ។
-ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៣ ព្រះតេជគុណ ព្រះនាម ដូង ខុន ជាចៅអធិការ បានដឹកនាំរៀបចំវត្ថុ
ឡើងវិញរួមជាមួយរដ្ឋអំណាចមូលដ្ឋាននិង ពុទ្ធបរិស័ទចំណុះជើងវត្ត រួចក៏សុតតទៅ ។ -ឆ្នាំ១៩៨៣ដល់ឆ្នាំ ១៩៨៦ ព្រះតេជគុណ ព្រះនាម មែន ហុក ជាចៅអធិការបន្ត ក៏មិនបានបន្សល់ ស្នាដៃអ្វីដែរ ហើយលាក៏ចាកសិក្ខាបទ ។
-ឆ្នាំ១៩៨៦ ដល់ឆ្នាំ ១៩៨៩ ពុទ្ធបរិស័ទបានជ្រើសរើសព្រះតេជគុណ ឡាយ អ៊ុយ មកបន្តធ្វើជាចៅអធិការវត្ត ហើយបានលាចាកសិក្ខាបទ ។
-ឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៤ ព្រះតេជគុណផាន់ សំអុល ជាចៅអធិការ និង លោកតា កែវ ចែម ជាអាចារ្យវត្ត លោក ពេជ្រ ភីម ជាគណៈកម្មការវត្ត បានបើកសាលាធម្មវិន័យថ្នាក់ត្រី រហូតមកដល់សព្វថ្ងៃ និង បានចាប់ផ្តើមសង់ព្រះវិហារឡើងវិញបានត្រឹមគ្រឹះក្នុងដី ព្រមទាំងកុដិឈើ ២ខ្នង ក៏លាចាកសិក្ខាបទ ។
-ឆ្នាំ១៩៩៤ ដល់ឆ្នាំ ១៩៩៥ ព្រះតេជគុណ គយ ធន ជាព្រះចៅអធិការ ក៏លាចាកសិក្ខាបទ ។
-ឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៧ ព្រះតេជគុណ សំ ខែម ជាចៅអធិការ លោក ម៉ា ទុយ ជាអាចារ្យ លោក ហាក់ សាន់ ជាគណៈកម្មការវត្ត បានសង់កុដិថ្ម១ខ្នង២ជាន់ ដែលជាអំណោយរបស់លោកជំទាវ ម៉េង ហូ (ហៅ លឹម ឈីវហូរ) មហាសាលា ១ខ្នងធ្វើ អំពីថ្ម និង បង្ហើយព្រះវិហារដែលជាអំណោយរបស់ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបញ្ចុះខណ៍ សីមា ក្នុងឆ្នាំ ២០០៣ ក្រោមអធិបតីភាពឯកឧត្តម សាយ ឈុំ ប្រធានគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ឧត្តមនាវីឯក ទៅវិញ និង លោកជំទាវ និង ព្រះតេជគុណមូល រ៉ន ព្រះមេគណខេត្តព្រះសីហនុ ហើយព្រះតេជគុណ សំ ខែម ក៏សុគត នៅដើមឆ្នាំ ២០០៨ ។
-ឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន ព្រះតេជគុណ ភួង ពិសី ត្រូវបានលោកអាចារ្យ គណៈកម្មការវត្តដដែល និងការិយាល័យធម្មការស្រុក រៀបចំតែងតាំងជាចៅអធិការ និង កំពុងកសាងកុដិថ្ម ១ខ្នង កំពស់២ជាន់ បាន ប្រហែលជា៤០% ហើយសមិទ្ធផលទាំងនេះមានការចូលរួមពីឯកឧត្តម ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហាន និង លោកជំទាវ ស៊ាន ឈុនហេង ថ្នាក់ដឹកនាំកំពង់ផែ លោកជំទាវ លឹម ឈីវហូរ ព្រមទាំងសប្បុរសជន គ្រប់មជ្ឈដ្ឋាន និង ពុទ្ធបរិស័ទចំណុះជើងវត្ត ហើយសព្វថ្ងៃមានព្រះសង្ឃគង់នៅចំនួន ២៧ អង្គ ។