វត្តព្រះពុទ្ធសំរិទ្ធគិរីថ្មដា (ថ្មដាក្រោម)

Post by admin

13:52 - 28/05/2025

Comment

វត្តព្រះពុទ្ធសំរិទ្ធគិរីថ្មដា (ថ្មដាក្រោម)

​ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើត ជាប់ពុទ្ធមណ្ឌលជាស៊ីមិកៈបុព្វវតនរាម ខាងលិចជាប់ផ្លូវលំ ខាងជើងជាប់ផ្លូវលំ ខាងត្បូងជាប់ដីចំការ ប្រជាពលរដ្ឋនិងមានចំងាយ ៤៧,៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។

 វត្តនេះមានឈ្មោះដើមហៅថា “វត្តថ្មដា” ត្រូវបានកសាងនៅឆ្នាំ១៩៩៧ ដោយពុទ្ធបរិស័ទ និង រដ្ឋអំណាចមួយចំនួន។ ហេតុដែលនាំឲ្យហៅថា “វត្តព្រះពុទ្ធសំរិទ្ធគីរីថ្មដា” នេះ គឺពីបុរាណកាលមកទីនេះជាកេរ្តិ៍ តំណែលរបស់គណៈមហានិកាយ ក្រោយពីសង្គ្រាម គុហារថ្មដានេះ ក្លាយទៅជាព្រៃរហោដ្ឋាន ពុទ្ធបរិស័ទចំណុះជើង វត្តភ្នំថ្មដានេះតែងតែនាំគ្នាមកគោរពបូជាមិនខ្លាចគ្រាប់រំសេវឡើយ ព្រោះកាលនោះមានរូបព្រះពុទ្ធមួយព្រះអង្គ នៅក្នុងរូងមិនដឹងជានរណាយកទៅទុកនៅទីនោះទេ ដោយមានជំនឿជឿជាក់លើព្រះពុទ្ធសាសនា ទើបពុទ្ធបរិស័ទ និង អាជ្ញាធរ នាំគ្នាកសាងទីកន្លែងនេះជាវត្ត ដោយបានដាក់ឈ្មោះថា “វត្តព្រះពុទ្ធសំរិទ្ធតិរថ្មដា” ថាជាប់រហូតដល់បច្ចុប្បន្ន ។

ស្ថានភាពមុនឆ្នាំ១៩៧៥ ទីនេះមិនទាន់កើតជាវត្តទេ គឺកន្លែងនេះសំរាប់ស្រង់ទឹកព្រះនៅពេលបុណ្យចូលឆ្នាំម្តងៗ មានពេលខ្លះពុទ្ធបរិស័ទបាននិមន្តព្រះសង្ឃរៀងរាល់ថ្ងៃសីល ដើម្បីសមាទានសីល និង ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។ ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ទីនេះពួកបនប៉ុល ពត ទុកកន្លែងនេះនៅទំនេរ គ្មានព្រះសង្ឃ និង ពុទ្ធបរិសទ័នៅទេ។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ទីនេះក៏មិនទាន់កកើតអ្វីឡើយ ទើបនៅឆ្នាំ១៩៩៧ ពុទ្ធបរិស នាំគ្នាកសាងកន្លែងនេះទៅជាវត្ត និង មានជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។

អំពីអតីតចៅអធិការ

-ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៤ ព្រះតេជគុណ សួន សុម៉ាលី ជាព្រះចៅអធិការ បានកសាង សាលាឆាន់១ ធ្វើអំពីឈើ ប្រក់ស័ង្គសី កុដិ១ និង ព្រះវិហារ ធ្វើអំពីឈើប្រក់សង្ក័សី បន្ទាប់មកក៏លាចាកសិក្ខាបទនៅដើមឆ្នាំ២០០៤ ។

-ពីឆ្នាំ២០០៤ ដល់ដើមឆ្នាំ ២០០៨ ព្រះតេជគុណព្រះនាម ដា ជាចៅអធិការ បានកសាង សាលាធម្មវិន័យ របងវត្តបានមួយចំនួនតូច និង និមន្តចេញទៅបន្តការសិក្សា ។

-ពីចុងឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន ព្រះតេជគុណព្រះនាម តូម ភឿន ជាព្រះចៅអធិការ សព្វថ្ងៃកំពុង កសាងរបងវត្តបន្ត និង សាលាឆាន់ថ្មី (ព្រោះសាលាឆាន់ដែលកសាងនៅឆ្នាំ១៩៩៧នោះមិនសមជាលក្ខណៈរចនាបទខ្មែរ ហើយមួយចំនួនទៀតក៏កណ្តៀរស៊ី) និងសព្វថ្ងៃ វត្តនេះមានព្រះសង្ឃគង់នៅចំនួន ០៩ អង្គ ។