វត្តជោត្តញ្ញាណ (វត្តលើ)

Post by admin

09:49 - 28/05/2025

Comment

  វត្តជោតញ្ញាណ (វត្តលើ)

​​ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខាងកើតជាប់ដី យោធារជើងទឹក ខាងលិចជាប់ដី ឧកញ៉ាគង់ ត្រូវ ខាងជើងជាប់ដីលោក សោម សំអឿ ខាងត្បូងជាប់ព្រះវិហារ សាសនាយេស៊ូ និង នៅកណ្តាលក្រុងព្រះសីហនុ ។

វត្តនេះឈ្មោះដើមហៅថាវត្ត ជោតញ្ញាណ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៥៨ ដោយសម្តេច ព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង ឧបត្ថម្ភដោយព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ ព្រះតេជគុណ ព្រះនាម ឃឹម រាជាគណៈថ្នាក់ចត្វា និងជាព្រះអនុគណ បានកសាងកុដិ ០២ខ្នង សាលាឆាន់ ០១ខ្នង ព្រះវិហារ ១ ធ្វើអំពីបេតុង និង ត្រូវបានបញ្ចុះខណ៍ សីមាតាម វិន័យបញ្ញាតិព្រះពុទ្ធសាសនា នៅឆ្នាំ ១៩៦៨ ក្រោមអធិបតីភាពសម្តេចជោតញ្ញាណោ ជួន ណាត សម្តេច ព្រះសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដែលនាំឲ្យហៅថាវត្ត ជោតញ្ញាណ គឺវត្តនេះត្រូវបានកសាងដោយសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាតទើបសម្រេចយកនាមបញ្ជាតិរបស់សម្តេចព្រះសង្ឃរាជដាក់ជាឈ្មោះវត្តជាប់មករហូតសព្វថ្ងៃនេះ ។ ប៉ុន្តែ សព្វថ្ងៃពុទ្ធបរិស័ទក្នុងក្រុងព្រះសីហនុបើហៅថាវត្ត ជោតញ្ញាណនោះ គឺមិនសូវជាស្គាល់ប៉ុន្មានទេ ភាគច្រើន ស្គាល់តែវត្ត (លើ) ព្រោះវត្តនេះស្ថិតនៅលើកំពូលភ្នំយ៉ាងខ្ពស់ជាងវត្ត ឥន្ទញ្ញាណ មានសោភណ៍ភាពប្រកប ទៅដោយដើមឈើធំៗខ្ពស់ត្រជាក់ សំរាប់ជាទីកំសាន្តរបស់ភ្ញៀវទេសចរណ៍ មើលឃើញផ្ទៃសមុទ្រធំល្វឹងល្វើយ អមទៅដោយរលកបែកផ្កាត្រែង ប្រឈមទៅដោយកោះតូចធំ មើលឃើញកំពង់ផែ ផ្ទះប្រជាពលរដ្ឋ សណ្ឋាគារ ទំនើបៗ និង មើលឃើញពន្លឺភ្លើងដែលភ្លឺយ៉ាងត្រចេះត្រចង់នាពេលរាត្រី ។

ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ត្រូវពួកខ្មែរក្រហមយកវត្តនេះដាក់កងទព័ធំបំផុតបំផ្លាញព្រះវិហារខ្ទេចខ្ទី។

ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាប្រទេស ជាតិរៀបចំឡើងវិញទីវត្តអារាមក៏បានរៀបចំ ព្រះសង្ឃបួសរៀនសូត្រ ដោយឡែកវត្ត ជោតញ្ញាណ ត្រូវបាន ព្រះតេជគុណ អ៊ុត អ៊ុ ជាប្រធានសង្ឃប្រចាំខេត្តព្រះសីហនុនៅឆ្នាំ ១៩៨៤ បានរៀបចំជួសជុល កសាងកែលំអរទីវត្តនេះ ក្រោមការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំក្រុង មានឯកឧត្តម ជុំ ហ៊ល អតីតអភិបាលក្រុងព្រះសីហនុ និង ឯកឧត្តមថ្នាក់ដឹកនាំមួយចំនួនទៀត រួមទាំងពុទ្ធបរិស័ទ មន្ត្រីរាជការ ក្នុង និង ក្រៅខេត្តជួយកសាងបាន ព្រះវិហារ ១ កំពស់ពីរជាន់ កុដិ ០៣ខ្នង ជួសជុលសាលាឆាន់ឡើងវិញ ទីប៉ាឆា ខ្លោងទ្វារ សាលាគណ សាលាធម្មសភា សាលាបាលី ស្រះទឹក ដងទង់មជ្ឈមណ្ឌលវិបស្សនាធុរៈ កុដិសម្ដេចសង្ឃរាជ ទេព វង្ស កុដិសម្ដេចសង្ឃរាជ នន្ទ ង៉ែត និង សមិទ្ធផលជាច្រើនទៀត

គួរជាទីគយគន់សំរាប់ភ្ញៀវទេសចរណ៍មកកំសាន្ត ។ -ពីឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៧៥ ព្រះតេជគុណ ព្រះនាម ឃឹម ជារាជាគណៈចត្វា និង ជាព្រះអនុគណ កសាងព្រះវិហារ និង សាលាឆាន់ធ្វើអំពីបេតុងប្រក់ក្បឿង កុដិ០២ ។

- ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៨ ព្រះតេជគុណ ព្រះនាម អ៊ុក អ៊ុំ ជួសជុលព្រះវិហារ និង សាលាឆាន់ សាលាបាលី ទីបាំធា ខ្លោងទ្វារ កុដិ ០២ ។

-ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ ព្រះតេជគុណ ព្រះនាម ឆឹល ឆាត មិនបានកសាងអ្វីទាំងអស់ ។

-ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ព្រះតេជគុណ ព្រះបញ្ហាសោភណ្ឌ គៀត ចន្ទ័ធុច រាជាគណៈថ្នាក់ កិត្តិយសព្រះមេគណ និង ជាចៅអធិការវត្ត កសាងកុដិថ្មី ០១ខ្នង ជួសជុលកុដិចាស់ប្តូរដំបូលឡើងវិញ ទាំងអស់ សាលាគណ ព្រះពន្លាជ័យ ព្រះទឹក កុដិសម្ដេចសង្ឃរាជ ទេព វង្ស កុដិសម្ដេចសង្ឃរាជ នន្ទ ង៉ែត មជ្ឈមណ្ឌលវិបស្សនាធុរៈ រៀបចំទីធ្លាវត្ត បណ្ណាល័យ ជួសជុលព្រះវិហារបន្តពីព្រះតេជគុណ អ៊ុក អ៊ុំ ហើយជាស្ថាពរ សមិទ្ធផលទាំងនេះមានការជួយជ្រោមជ្រែង ពី ឯកឧត្តម ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និង ពុទ្ធរិស័ទជិតឆ្ងាយ ។ មជ្ឈមណ្ឌលវិបស្សធុរៈវត្តជោតញ្ញាណ ក៏ជាតំបន់ទេសចរណ៍ដែរ ព្រោះកន្លែងនេះ មានការរីកចំរើនច្រើនសព្វបែបយ៉ាង ព្រោះមានការជួយឧបត្ថម្ភពី ដូនជី អ៊ុន ផល្លា និង ឧបាសក ឧបាសិកាដទៃជាច្រើនទៀត ។ សព្វថ្ងៃនេះកំពុងរៀបចំគំរោងធ្វើ សាលាឆាន់ថ្មី ព្រោះសាលាឆាន់ចាស់ដែលធ្វើនៅមុនឆ្នាំ១៩៧៥នោះ ពុកធ្លាក់ស៊ីម៉ង់ត៍មកជាដុំៗ បច្ចុប្បន្នវត្តជោតញ្ញាណ មានព្រះសង្ឃគង់នៅចំនួន ៣៤ អង្គ ដូនជី តាជី ៤២នាក់ ៕