វត្តគិរីបឹងជុំ (ភ្នំតូច)
ស្ថិតនៅក្នុងភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ខាងកើតជាប់ ដីលោក ឥន្ទ ប៊ុត ខាងលិចជាប់ដីលោក ឥន្ទ ប៊ុត ខាងជើងជាប់ដីលោក ចន្ទ័ វិត ខាងត្បូងជាប់ដីលោក និល ព្រីង និង លោក សៅ ញិន មានចំងាយ ៤០គ.ម ពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថា វត្តភ្នំតូច ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៥៩ ដោយព្រះចៅអធិការព្រះនាមលោកតាខ្លី រួមជាមួយពុទ្ធបរិស័ទ។ ហេតុដែលនាំឲ្យហៅថា វត្តគិរីបឹងជុំ(ភ្នំតូច) ព្រោះពីដើមឡើយទីនេះមានភ្នំ១តូច នៅខាងកើតភូមិ ហើយព័ទ្ធជុំវិញទៅដោយប៉ន់ និងវាលស្រែល្អល្ហេវទៅដល់សមុទ្រទើបពុទ្ធបរិស័ទក៏នាំគ្នាបង្កើតវត្តនៅលើ ភ្នំនេះ ដោយដាក់ឈ្មោះថា វត្តគិរីបឹងជុំ(ភ្នំតូច) ជាប់មករហូតដល់បច្ចុប្បន្ន ។ មុនឆ្នាំ១៩៧៥ បានកសាងព្រះវិហារតូច១ កុដិ១ និង សាលាឆាន់១ សំណង់ទាំងនោះធ្វើអំពីឈើ ប្រក់ក្បឿង (មិនបានចងចាំឈ្មោះ អ្នកជួយឧបត្ថម្ភ និង គណៈអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌ សីមាទេ) ។ ចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ វត្តនេះត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទី ដោយរបបប្រល័យ ពូជសាសន៍ប៉ុលពត គ្មានបន្សល់អ្វីឡើយ ។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន ជាភព្វសំណាងរបស់ប្រជាជនកម្ពុជា ដោយមានការ ដឹកនាំដ៏ឈ្លាសវៃរបស់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាពិសេសដោយមានការជួយឧបត្ថម្ភរជ្រោមជ្រែង ពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បានដំណើរការ កសាងវត្តគិរីបឹងជុំ(ហៅវត្តភ្នំតូច) ទទួលបានសមិទ្ធិផលជាច្រើនដូចជា សាលារៀន១ខ្នង មាន២បន្ទាប់ សាលាឆាន់១ខ្នង ធ្វើអំពីស៊ីម៉ង់ប្រក់ក្រឿង ដងទង់មួយគូរ កុដិ១ខ្នង ព្រះវិហារ១ខ្នង សំណង់ទាំងនេះ មានការជ្រោមជ្រែងអស់ពីកំលាំងកាយចិត្តរបស់ឯកឧត្តម ឈុន ស៊ីរុន និង លោកជំទាវ ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ រួមជាមួយមន្ត្រីរាជការ ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស បានបញ្ចុះខណ្ឌសីមានៅថ្ងៃទី ២៧ខែឧសភាឆ្នាំ២០០៨ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ។
អំពីអតីតចៅអធិការ
-ជំនាន់ទី១ ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ ១៩៧៥ ព្រះតេជគុណព្រះនាម លោកតា ខ្លី
-ជំនាន់ទី២ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ ១៩៩៣ ព្រះតេជគុណព្រះនាម អ៊ុន រៀបចំវត្តឡើងវិញនិងបានកសាងកុដិឈើ១ខ្នង ព្រះវិហារតូច១ខ្នង ធ្វើអំពីឈើ ប្រក់សង្កសី ។
-ជំនាន់ទី៣ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ១៩៩៧ ព្រះតេជគុណព្រះនាម កប កយ ជាព្រះចៅអធិការ កសាងបានកុដិឈើ ០១ខ្នង ។
-ជំនាន់ទី៤ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ ២០១៥ ព្រះតេជគុណព្រះនាម ទន់ សាវ៉ន សមុហ៍អនុគណ ចៅអធិការ បាន កសាងសាលារៀន១ខ្នង មានពីរបន្ទប់ បង្កន់អនាម័យ បាសាំងស្តុបទឹក សាលាឆាន់ ព្រះវិហារ សព្វថ្ងៃកំពុងកសាងកុដិថ្មធំមួយកំពស់ពីរជាន់។
-ជំនាន់ទី៥ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧ ព្រះតេជគុណព្រះនាម ម៉ក់ ស៊ន បានកសាង បន្ទប់ទឹក១ខ្នង មាន៣បន្ទប់ ចង្ក្រានបាយ១ខ្នង។ ដោយរោគាពាធ លោកក៏បានលាចាកសិក្ខាបទ។
-ជំនាន់ទី៦ ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី ក៏បានធ្វើលិខិតនិមន្តព្រះមេគណខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រះអនុគណ និងការិយាល័យធម្មការ បានរៀបចំតែងតាំង ព្រះតេជគុណ អាន់ អាត ឱ្យបានដឹកនាំបន្តរហូតដល់សព្វថ្ងៃនេះ បានកសាង ផ្លូវបេតុង១ខ្សែ មានប្រវែង៤០០ម៉ែត្រ រោងទទួលភ្លៀវ១ខ្នង មានប្រវែងទទឹង៨ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ បន្ទប់ទឹក១ខ្នង មាន៤បន្ទប់ កុដិថ្ម១ខ្នង ប្រក់ក្រឿងមានប្រវែង ទទឹង៩ម៉ែត្រ បណ្ដោយ១២ម៉ែត្រ និងជួសជុលសាលារៀន១ខ្នង មាន២បន្ទប់ រួមទាំងធ្វើសំយាបសាលាឆាន់ ជួលជុលខ្លោងទ្វារវត្ត និងដាក់រូបចម្លាក់ដំរីថ្ម១គូរ និងកែលម្អទីធ្លាវត្តឱ្យមានភាពស្រស់ស្អាតផងដែរ សព្វថ្ងៃមានព្រះសង្ឃគង់នៅចំនួន ១៤ អង្គ។