វត្តសាគរអូរជ្រៅ (កោះខ្យង)
ស្ថិតនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងកើតជាប់ ភូមិស្រែចាមក្រោម ខាងលិចជាប់ភូមិស្រែចាមលើ ខាងជើងជាប់ ភូមិអូរជ្រៅ ខាងត្បូងជាប់ភូមិស្រែលើ មាន ចំងាយ ៤៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថាវត្ត ស្រែចាម ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩២៨ ដោយព្រះចៅអធិការព្រះនាម
ចឹក បានកសាងកុដិសាលាឆាន់ និង ព្រះវិហារធ្វើអំពីឈើ ប្រក់ក្បឿង ។ ហេតុដែលនាំឲ្យហៅថាវត្ត សាគរអូរជ្រៅ គឺនៅតំបន់នេះមានអូរមួយវែង ហើយមានជំរៅជ្រៅ ទើប ពុទ្ធបរិស័ទនៅតំនប់នោះប្រែឈ្មោះពីស្រែចាម មកជាអូរជ្រៅវិញគឺ សារគរអូរជ្រៅ ជាប់រហូតមកដល់បច្ចុប្បន្ន ។
អំពីអតីតចៅអធិការ
មុនឆ្នាំ ១៩៧៥ វត្តសាគរអូរជ្រៅនេះ បានដឹកនាំកសាងដោយព្រះតេជគុណ ព្រះនាម ហេង បន្ទាប់មកទៀតដឹកនាំ ដោយព្រះចៅអធិការព្រះនាម ចាក់ ជ្រុំ បានកសាងកុដិឈើតូចៗ សាលាឆាន់ និង បន្តការ កសាងព្រះវិហារ ។
ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ វត្តក៏មិនសល់អ្វីទេ ព្រោះកុដិឈើដែលបានធ្វើមុន និង ព្រះវិហារ ត្រូវរុះរើបាក់បែកអស់។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាជនគ្រប់រូបបានរួចផុតពីសង្គ្រាមដ៏ឈឺចាប់នេះ វត្តសាគរអូរជ្រៅ នៅមិនទាន់រៀបចំនៅឡើយទេ ទើបដល់ឆ្នាំ១៩៨១ មានព្រះតេជគុណព្រះនាម យ៉ាង ធី បាននិមន្តមកពី កម្ពុជាក្រោម ដឹកនាំពុទ្ធបរិស័ទរៀបចំវត្តនេះឡើងវិញ ។
-ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៤ ព្រះតេជគុណ ព្រះនាម យ៉ាង ធី ចៅអធិការ ដឹកនាំកសាង ថ្ម ០១ ប្រក់ហ្វីប្រូស៊ីម៉ងត៍ កុដិឈើ ០១ រៀបចំសាលាឆាន់ និង គ្រឹះព្រះវិហារថ្មី រហូតដល់ឆ្នាំ ២០០៤ ក៏និមន្តទៅ ប្រទេសអូស្ត្រាលី ។
-ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៦ ព្រះតេជគុណ ព្រះនាម រត្ន័ រៀបចំទីធ្លាវត្ត
-ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ ព្រះតេជគុណព្រះនាម គី ហួយ (មិនមានស្នាដៃអ្វី)
-ពីឆ្នាំ ២០០៧ ដល់ដើមឆ្នាំ២០០៩ ព្រះតេជគុណ ព្រះនាម ស៊ឹង វន្ថា បន្តកសាងព្រះវិហារ កុដិ ០១ រៀបចំទីធ្លាវត្ត ។
-ពីដើមឆ្នាំ ២០០៩ដល់ឆ្នាំ២០២៣ ព្រះចៅអធិការព្រះនាម ង៉ែត វ៉ាន បន្តកសាងព្រះវិហារ កុដិពីជាន់ សាលាឆាន់ សាលាបាលី និងមានគ្រឿងសំណង់ជាច្រើនទៀត។ល។
-ពីឆ្នាំ២០២៣ដល់បច្ចុប្បន្នព្រះចៅអធិការព្រះនាម យ៉េង វុត្ថា កំពុងតែកសាងសាលាទទួលភ្លៀវមួយមាន ទំហំ ៧ម៉ែត្រកន្លះ បណ្ដោយ២៥ម៉ែត្រ និងរៀបចំក្នុងទីវត្តអារាមឲ្យមានសោភណ៍ភាពល្អប្រសើរ ក្នុងនោះមានព្រះគង់នៅចំនួន២១អង្គ ភិក្ខុ០៤៕