វត្តឬទ្ធិរតនារាម (កែវផុស)

Post by admin

10:23 - 28/05/2025

Comment

វត្តឫទ្ធីរតនារាម (កែវផុស)

​ស្ថិតនៅក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខាងកើតជាប់ ដីលោកយាយ ចិត្រ ខាងលិចជាប់ផ្លូវបេតុង ខាងជើង និង ខាងត្បូងជាប់ព្រែក មានចំងាយ ៩៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។ ឈ្មោះដើមហៅថាវត្តកែវផុស ត្រូវបានកសាងឡើងពីឆ្នាំ១៩៧៣ ដោយលោកតា   និន ងៀប លោកតា សួស ជា លោកតា ភោគ គឹម និង ព្រះតេជគុណ សុខ ម៉ាន់ ជាចៅអធិការ បានដឹកនាំពុទ្ធបរិស័ទកសាងសាលាឆទាន០១ខ្នង ធ្វើអំពីឈើប្រក់សំបកស្មាច់ រោងឧបោសថ០១ខ្នង ធ្វើអំពីឈើ ប្រក់សង្ក័សី ។  ហេតុដែលនាំឲ្យហៅថា ”វត្តកែវផុស” ដោយដំណាលពីដើមមកថា មានលោកតាម្នាក់បានជ្រុះកែវនៅទីនោះ ចាស់ៗពីដើមតែងនាំគ្នាហៅទីកន្លែងនោះថា កែវជ្រុះ លុះដល់ដំណាលក្រោយតៗមកជាយូរឆ្នាំ អ្នកស្រុកបាន ប្រែក្លាយកែវជ្រុះនេះ ទៅកែវផុស ជាប់រហូតមកដល់បច្ចុប្បន្ន ។ ជាអកុសលនៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ទីអាសនៈផ្សេងៗនៅក្នុងវត្តនេះទាំងអស់ ត្រូវបានពួកបនប្រល័យពូជសាសន៍ ប៉ុលពត វាយកម្ទេចចោលទាំងអស់ ចាប់ផ្សឹកព្រះសង្ឃ និង ធ្វើទារុណកម្មថែមទៀត ។ ដោយបានរុះរើ សាលាឆទាន និង រោងឧបោសថយកទៅ ធ្វើជាសាលាឃុំក្នុងទីវត្តនេះដដែល ហើយទីវត្តក៏ក្លាយទៅជាវាលរហោស្ថានស្ងាត់ជ្រងំ។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រណសិរ្សសាមគ្គីសង្គ្រោះកម្ពុជា បច្ចុប្បន្ន មានឈ្មោះថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ និងគណបក្សប្រជាជនកម្ពុជា ព្រះពុទ្ធសាសនាត្រូវបាន បង្កើតឡើងវិញ ។

អំពីអតីតចៅអធិការវត្ត

-​ ឆ្នាំ១៩៩១ លោក ផេង មីន លោកតា និន ងៀប លោកតា សួស ជា លោកតា ធក បាន លោកតា ភោគ គឹម បានចលនាប្រជាពលរដ្ឋនៅមូលដ្ឋានផ្តើមកសាងវត្តនេះបន្តទៀត ដោយបាននិមន្ត ព្រះតេជគុណ សាំង ស៊ីវ ជាព្រះចៅអធិការជំនាន់ទី ២ មកគ្រប់គ្រងក្នុងឋានៈចៅអធិការវត្តចំនួន២វស្សាបានកសាង កុដិឈើ១ខ្នង។ បន្ទាប់មកបាននិមន្តព្រះតេជគុណ គោគ សំអឿន ជាព្រះចៅអធិការជំនាន់ទី៣ គង់ចាំព្រះវស្សាចំនួន៣វស្សា កសាងបានរោងឧបោសថបណ្តោះអាសន្ន ១ខ្នង ។

-​ ព្រះតេជគុណ ឈីវ ណៃឡាយ ជាព្រះចៅអធិការជំនាន់ទី៤ គង់ចាំព្រះវស្សាបាន២វស្សា ព្រះតេជគុណបានចលនាអាចារ្យ គណៈកម្មការ និង ពុទ្ធបរិសទ៍ចំណុះជើងវត្តកសាងបានកុដិឈើ ០១ខ្នងប្រក់សង្ក័សី ។

ព្រះតេជគុណ វ៉ាន់ ញឿន ជាព្រះចៅ អធិការជំនាន់ទី៥ ព្រះតេជគុណ គ្រប់គ្រងបាន២វស្សាមិនបានកសាងអ្វីឡើយ ។

-​ ព្រះតេជគុណ សយ សុភាព ជាព្រះចៅអធិការជំនាន់ទី៦ ព្រះតេគុណគង់បាន២វស្សា កសាងបានបង្គន់អនាម័យ១  ស្មើ២បន្ទប់ ចេតីយ៍១ ចាក់ដីក្នុងទីធ្លាវត្ត ។

-​ ព្រះតេជគុណ សុខ ឈឿន ជាព្រះចៅអធិការជំនាន់ទី៧ ព្រះតេជគុណគង់បាន ២វស្សា កសាង កុដិឈើតូច០១ ដែលនៅពេលនោះវត្តនេះមានឈ្មោះថា “សុវណ្ណមុនីរតនារាម” មិនទាន់ជាផ្លូវការនៅឡើយ ។ ទើបនៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០០០ ឯកឧត្តម ម៉ុង ឫទ្ធី បានទិញដីពង្រីកវត្តបន្ថែម ចាក់ដី ជីកស្រះ និង កែលំអរសោភណ្ឌភាពវត្តឱ្យស្រស់បំពង និងផ្តើមកសាងដូចជា៖ សាលាឆាន់ ១ខ្នង ធ្វើអំពីរបេតុង ប្រក់ហ្វីប្រូ ក្រាលការ៉ូ ព្រះវិហារថ្មី១ខ្នង ធ្វើអំពីបេតុង ប្រក់ក្បឿង ក្រាលការ៉ូ របងវត្ត ធ្វើអំពីឥដ្ឋ និងថ្ម ក្លោងទ្វារវត្ត រៀបចំប្រពន្ធ័លូបង្ហូរទឹក រៀបចំប្រពន្ធ័បណ្តាញអគ្គិសនីចូលវត្ថុ រៀបចំទឹកប្រើប្រាស់ បង្គន់អនាម័យ ផ្ទាំងគំនូរក្នុងព្រះវិហារ ដងទង់១គូរខាងមុខព្រះវិហារ ។ល។ ចាប់ពីនោះមកឯកឧត្តមក៏បានប្តូរឈ្មោះពី សុវណ្ណមុនីរតនារាម ហៅ (វត្តកែវផុស) មកជា “ប្ញទ្ធីរតនារាម” ជាផ្លូវការជាប់មករហូរដល់បច្ចុប្បន្ន និង មានព្រះចៅអធិការ យ៉ាង សុភាព ព្រះតេជគុណ សុខ សម្ផស្ស និង ព្រះតេជគុណ សុខ សេង បានចូលរួមកសាងជាមួយ ឯកឧត្តម ម៉ុង ឫទ្ធី និងមានគណៈកម្មការ អាចារ្យមួយចំនួនទៀត បាន ចូលរួមសហការណ៍កសាងជាមួយឯកឧត្តម ម៉ុង ឫទ្ធី រហូតមកដល់សព្វថ្ងៃ ។ ឯកឧត្តម ម៉ុង ឫទ្ធី បានឧបត្ថម្ភ ជាសម្ភារៈ និង ថវិកាបន្តបន្ទាប់ និង បច្ច័យកឋិនទានកសាងសាលាឆាន់ និង ព្រះវិហារដ៏ស្កឹមស្កៃ សរុបជាថវិកា ចំនួន ១.៧៥៣.១៦១ដុល្លារអាមេរិក ហើយបានរៀបចំពិធីបញ្ចុះខ័ណ្ឌសីមាឆ្លង នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ក្រោមអធិបតីភាពឯកឧត្តម ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។

- ឆ្នាំ២០០៨ ដល់ឆ្នាំ២០១២មានព្រះតេជគុណ ណេត រ៉ាន ជាព្រះចៅអធិការ ព្រះតេជគុណបានដឹកនាំអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទកសាងរោងតម្កល់សព ១ខ្នង និងជួសជុលថែទាំសំណង់នានាក្នុ្ងងវត្ត ។

- ព្រះតេជគុណ ស៊ុន វ៉ិត ជាព្រះចៅអធិការវត្ត ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ព្រះតេជគុណ គ្រប់គ្រងបាន២វស្សាមិន បានកសាងអ្វីឡើយ ។

- ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ព្រះតេជគុណ យ៉ិង សាវឿន ជាព្រះចៅអធិការវត្ត ព្រះតេជគុណគ្រប់គ្រងបាន៤វស្សា បានដឹកនាំ កសាងកុដិថ្ម ១ខ្នង ចាក់បេតុងក្នុងទីធ្លាវត្ត និងតសំយាបសាលាឆាន់ ។

-​ ពីឆ្នាំ២០២១ ដល់បច្ចុប្បន្នមានព្រះតេជគុណ ខ្វៀន យូ ជាព្រះចៅអធិការវត្ត ព្រះតេជគុណ គ្រប់គ្រង​ និងដឹកនាំកសាងបានដូចជា៖ សាលាទទួលភ្ញៀវ១ខ្នង បន្ទប់ទឹក១ខ្នងស្មើរនិង៤បន្ទប់ តសំយាបសាលាឆាន់ផ្នែកខាងក្រោយ និងដឹកនាំសាងសង់ទីអាសនៈតម្កល់ព្រះអង្គប្រក់នាគនៅកណ្ដាលស្រះទឹក បូករួមនឹងស្ពានឆ្លងទៅកាន់អាសនៈតម្កល់ព្រះអង្គប្រក់នាគផងដែរ ៕